មិនដែលទម្លាយអ្វីច្រើនលើបណ្តាញសង្គមស្រាប់តែតារាចម្រៀង សុវត្ថិឌី ធារីកា បានដើរចែកធៀបការព្រាត ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈតារាចម្រៀងតូចច្រឡឹងរូបនេះទើបតែបង្ហាញរូបភាពអនាគតស្វាមីជាផ្លូវការកាលពីថ្ងៃទី៩ មករា ចំថ្ងៃខួបកំណើតរបស់គូដណ្តឹង។ ទន្ទឹមនឹងដំណឹងដ៏រំភើបនេះងាកមកប្រវត្តិស្នេហារបស់អ្នកទាំងពីរវិញស្តាប់ហើយធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតតែម្តងគឺជា«ស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លាម»ហើយឈានដល់ពិធីមង្គលការតែម្តង។
ក្នុងឱកាសដែល សុវត្ថិឌី ធារីកា និងគូដណ្តឹង ពូ សូផានិត ទៅអញ្ជើញការពិធីករ ជា វណ្ណារិទ្ធ លោកបានជីកសួរពីប្រវត្តិស្នេហារបស់កូនកំលោះកូនក្រមុំមួយគូនេះចាប់ផ្តើមពីចំណុចណារហូតអ្នកទាំងពីរសម្រេចចិត្តចូលរោងការ។ តាមការបញ្ជាក់របស់កូនកំលោះ លោក សូផានិត បានឱ្យដឹងថាលោក និងតារាចម្រៀង ធារីកា បានស្គាល់គ្នា៣ឆ្នាំមកហើយក្នុងឆ្នាំ២០២០ មុននឹងប៉ាម៉ាក់របស់ ធារីកា ចែកឋានទៅទៀត។
អនាគតស្វាមីកញ្ញា ធារីកា បានបន្តថាលោកបានស្គាល់អនាគតភរិយាក្នុងពិធីខួបកំណើតប្អូនជីដូនមួយរបស់លោកហើយស្វាមីបងប្អូនលោកត្រូវជាជីទូតមួយរបស់ ធារីកា ហើយថ្ងៃខួបកំណើតនោះ ធារីកា ទៅលេងផ្ទះអ៊ំហើយជួបគ្នាតែម្តងដោយមានចាស់ទុំជាច្រើននៅក្នុងកម្មវិធី។ លោក សូផានិត ថាពេលឃើញ ធារីកា ភ្លាមគឺលោកស្រលាញ់តែម្តងហើយចូលទៅសុំធារីកា រាំជាមួយគ្នានិងសុំស្រលាញ់តែម្តង។
នៅពេលដំបូងៗដែលលោក សូផានិត តាមញ៉ែ ធារីកា នោះខាងស្រីនៅមិនទាន់ព្រមនោះទេដោយ ធារីកា បាននិយាយថាគូដណ្តឹងខ្លួនហ៊ានខ្លាំង ខណៈដែលលោក សូផានិតថា ខ្លួនបានឆាតទៅ ធារីកា ឡើងមួយខែទើបមានការឆ្លើយតបពីធារីកា ហើយឆ្លើយយ៉ាងខ្លីប៉ុន្តែការព្យាយាមក៏ដូចជានិស្ស័យផង លោកបានសុំណាត់ជួប ហើយ ធារីកាបាននាំទៅញុំាបាយនៅផ្ទះនិងបានជួបម្តាយរបស់ ធារីកា តែម្តង។ បន្ទាប់ពីជួបចាស់ទុំរួចអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាបន្តិចម្តងៗរហូតក្លាយទៅជាគូជីវិត។
គួរបញ្ជាក់ថា តារាចម្រៀង សុវត្ថិឌី ធារីកា និងកូនកំលោះ ពូ សូផានិត នឹងចូលរោងការនា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះក្រោមការសាទរយ៉ាងច្រើនពីសំណាក់អ្នកសិល្បៈនិងអ្នកគាំទ្រ៕










