ពន្ធនាគារ Ringerik ស្ថិតនៅក្នុងទីក្រុង Ringerike តំបន់ Tyristrand ភាគខាងត្បូងប្រទេសន័រវេស ដែលជាពន្ធនាគារសន្តិសុខខ្ពស់បំផុតរបស់ប្រទេស និងជាកន្លែងឃុំឃាំងអ្នកទោសដ៏គ្រោះថ្នាក់បំផុតមួយ។ ពន្ធនាគារនេះមានទីតាំងនៅលើផ្ទៃដី ៧៤ ហិចតា ហ៊ុព័ទ្ធដោយជញ្ជាំងកម្ពស់ ៧ ម៉ែត្រ បណ្តោយ ១,០៦៨ ម៉ែត្រ ដែលអាចផ្ទុកអ្នកទោសចំនួន ១៦០ នាក់។
អ្វីដែលពិសេសនិងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ពន្ធនាគារ Ringerik នោះគឺនៅទីនោះមានកន្លែងហាត់ប្រាណដ៏ធំទូលាយប្រកបដោយផាសុខភាព ដោយអ្នកទោសតម្រូវឱ្យរស់នៅក្នុងបន្ទប់បង្ខាំងទោលពីរជាន់ដ៏ស្រស់ស្អាត ដែលមានផ្ទះបាយ បន្ទប់ទូរទស្សន៍ ជាមួយនឹងម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនហ្គេមដើម្បីឱ្យអ្នកទោសលេងកម្សាន្តកំដអារម្មណ៍ពេលអផ្សុក ក៏ដូចជាមានបូជាចារ្យ និងបុគ្គលិកពេទ្យមកពិនិត្យសុខភាពជាប្រចាំផងដែរ។
លើសពីនេះអ្នកទោសក៏អាចចម្អិនអាហារតាមចំណង់ចំណូលចិត្ត លេងហ្គេម ដើរ ធ្វើលំហាត់ប្រាណ និងលេងបាល់បោះនៅក្នុងពន្ធនាគារដ៏ធំទូលាយនេះបានទៀតផង។ រីឯបន្ទប់គេងរបស់អ្នកទោសវិញត្រូវបានបំពាក់ដោយគ្រែមួយ តុ និងធ្នើប្រណិតជាមួយនឹងម៉ាស៊ីនត្រជាក់។ ចំពោះបន្ទប់ទឹកវិញគឺប្រើវាំងននដើម្បីបំបែកតំបន់ស្ងួត និងសើម។ សម្រាប់បន្ទប់ទូរទស្សន៍ និងបន្ទប់លេងហ្គេមវិញគឺមានទីតាំងនៅជាន់ទីមួយ ដោយនៅខាងក្រៅគឺជាផ្ទះបាយ និងសាលធំ។
សាលជាន់ទីពីរ គឺជាកន្លែងរក្សាទ្រុងបក្សី រួមទាំងមានកន្លែងហាលថ្ងៃ ខ្យល់អាកាសបរិសុទ្ធ និងទីលានបាល់បោះដ៏ធំទូលាយហ៊ុព័ទ្ធដោយសំណាញ់ដែក។ ទោះជាយ៉ាងណាក៏ដោយ ពន្ធនាគារ Ringerik នេះមិនមាន Wifi នោះទេ ហើយអ្នកទោសនៅទីនោះតែងប្រឈមនឹងបញ្ហាផ្លូវចិត្ត ក៏ដូចជាបាក់ទឹកចិត្ត ទោះបីនៅទីនោះមានភាពស្រស់ស្អាត និងមានអ្វីគ្រប់យ៉ាងក៏ដោយ៕










