បើយោងទៅតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនិងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ស្ថិតនៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅកំឡុងស.វ.ទី៧ ក្នុងរចនាបថភ្នំដា។ ដោយយល់ឃើញថា ស្ថានភាពនៃរូបព្រះបដិមាទាំងពីរអង្គនេះ មានការបាក់បែក និងត្រូវទទួលការសម្អាតអភិរក្សតាមបច្ចេកទេស ទើបក្រុមការងារថ្នាក់ខេត្តបានសម្រេចប្រគល់រូបចម្លាក់ទាំងពីរព្រះអង្គនេះ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ជាពិសេសគឺដើម្បីសិក្សាបន្ថែមអំពីព្រះពុទ្ធបដិមាដែលជាកេរ្តិ៍ដំណែលដ៏មានតម្លៃ បន្តអភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សារធារណជននាពេលអនាគត។
រូបព្រះពុទ្ធបដិមាទាំងពីរអង្គនេះ រួមមាន៖
១-ព្រះពុទ្ធសមាធិ៖ មានកម្ពស់ប្រហែល ៨០ស.ម និងព្រះភ្នែនប្រហែល ៦៧ស.ម
២-ព្រះពុទ្ធទីបង្ករ៖ មានកម្ពស់ប្រហែល ១៥០ម៉ែត្រ ជើងទម្រប្រហែល ៦៧ស.ម
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិផងដែរ៕












