ប្រទេសឥណ្ឌា៖ អ្នកបើកបរដឹកជញ្ជូនអាហារជនជាតិឥណ្ឌាម្នាក់ខកចិត្តនឹងការតម្រង់ជួរវែងសម្រាប់ចាក់សាំង ក៏បានប្រើកម្លាំងសេះដើម្បីធ្វើការដឹកជញ្ជូនរបស់គាត់ឱ្យទាន់តម្រូវការរបស់ភ្ញៀវ។
យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែមករាថា បុរសជនជាតិឥណ្ឌាម្នាក់ដែលជាអ្នកដឹកជញ្ជូនអាហារនៅក្រុមហ៊ុន Zomato បានជិះសេះដឹកម្ហូបជំនួសវិញ បន្ទាប់ពីម៉ូតូរបស់គាត់អស់សាំង ហើយនៅតាមផ្លូវគឺមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងទម្រាំទៅដល់កន្លែងចាក់សាំងត្រូវចំណាយពេលជិត ៣ ម៉ោង។ ដូច្នេះគាត់ក៏សម្រេចចិត្តជិះសេះដើម្បីធ្វើការដឹកជញ្ជូនរបស់គាត់ឱ្យទាន់តម្រូវការរបស់ភ្ញៀវតែម្តង។
រឿងរ៉ាវនេះកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះវីដេអូមួយចែកចាយពេញបណ្តាញសង្គម នឹងមានការចាប់អារម្មណ៍រាប់លាននាក់ផងដែរ។ នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដឹកជញ្ជូនអាហារម្នាក់នោះបានជិះសេះឆ្លងកាត់ផ្លូវដ៏មមាញឹកនៃទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា ជាមួយនឹងការស្ពាយកាបូបសម្រាប់ដាក់អាហារដ៏ធំនៅពីក្រោយខ្នង។
បុរសដឹកជញ្ជូនបាននិយាយថា ក្រុមហ៊ុនរបស់លោកតម្រូវឱ្យបុគ្គលិកទាំងអស់ ដឹកជញ្ចូនអាហារសម្រាប់ភ្ញៀវឱ្យទាន់ពេលវេលា បើទោះបីជាមានការកកស្ទះចរាចរណ៍ ឬភាពវឹកវរ និងការបិទផ្លូវធ្ងន់ធ្ងរក៏ដោយ ក៏ត្រូវកំណត់ពេល ១០ នាទីដើម្បីដឹកឱ្យដល់ភ្ញៀវផងដែរ។
ក្រុមហ៊ុនដឹកជញ្ចូនអាហារ Zomato ក៏បានបញ្ជាក់ដែរថា និយោជិតរបស់ខ្លួនមិនត្រូវបានផ្តល់រង្វាន់នោះទេ ប្រសិនបើចែកចាយអាហារឱ្យភ្ញៀវមិនទាន់ពេលវេលា និងបានដាក់ទណ្ឌកម្មចំពោះការចែកចាយយឺតទៀតផង។
Zomato និយាយថាទៀតថា ខ្លួនក៏មានគម្រោងដាក់លេខទូរសព្ទនៅលើថង់ចែកចាយផងដែរ ដើម្បីឱ្យមនុស្សអាចរាយការណ៍ពីអ្នកណាម្នាក់ដែលបើកបរក្នុងល្បឿនលឿន ឬបើកបរដោយមិនប្រុងប្រយ័ត្ន និងបើកបរដោយល្បឿនយឺតជាដើម៕










