ប្រទេសជប៉ុន ៖ នៅដើមឆ្នាំ២០២៤ មានហេតុការណ៍ផ្សេងៗកើតឡើងជាបន្តបន្ទាប់នៅប្រទេសជប៉ុន ដូចជា នៅថ្ងៃទី១ ខែមករា កើតគ្រោះរញ្ជួយដីក្នុងតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន និងកើតរលកយក្សស៊ូណាមិនៅតាមឆ្នេរសមុទ្រ ។ ហេតុការណ៍នេះបានបណ្តាលឱ្យពលរដ្ឋជប៉ុនស្លា.ប់ យ៉ាងហោចណាស់ ៦២នាក់ និងមានអ្នករងរបួសជាច្រើនទៀត ។
នៅថ្ងៃទី២ ខែមករា កើតហេតុការណ៍យន្តហោះ២គ្រឿងបុកគ្នាត្រង់ចំណុច Runway C នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines រៀបនឹងចុះចតនៅអាកាសយានដ្ឋាន Haneda បានបុកគ្នាជាមួយយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន ដែលកំពុងត្រៀមហោះហើរទៅកាន់អាកាសយានដ្ឋាន Niigata ដើម្បីជួយសង្គ្រោះអ្នករងគ្រោះដោយសាររញ្ជួយដី ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សជិះក្នុងយន្តហោះឆ្មាំសមុទ្រជប៉ុន ចំនួន៥នាក់ស្លា.ប់ រីឯអ្នកដំណើរ និងបុគ្គលិកក្នុងយន្តហោះ Airbus 350 រួចផុតពីគ្រោះថ្នាក់ ។
ចំណែកនៅថ្ងៃទី៣ ខែមករា សារព័ត៌មានជប៉ុនរាយការណ៍ថា មានភ្លើងឆេះក្នុងតំបន់ពាណិជ្ជកម្មក្បែរស្ថានីយ Kokura ដែលជាតំបន់លក់ទំនិញដ៏ល្បីល្បាញ និងបង្កើតឡើងតាំងពីយូរឆ្នាំមកហើយក្នុងទីក្រុង Kitakyushu ខេត្ត Fukuoka ។ ក្នុងបរិវេណនេះមានហាងលក់ទំនិញពាសពេញទាំងអស់ ហើយបណ្តាលឱ្យភ្លើងឆេះរាលដាលទៅបរិវេណជុំវិញយ៉ាងឆាប់រហ័ស ។
សារព័ត៌មានជប៉ុនរាយការណ៍ទៀតថា ភ្លើងបានឆេះចេញពីបរិវេណមួយដែលពេញទៅដោយភោជនីយដ្ឋាន និងស្ថិតនៅឆ្ងាយពីស្ថានីយរថភ្លើង JR ប្រមាណ៣០០ម៉ែត្រ ។ បរិវេណភ្លើងឆេះនេះស្ថិតនៅក្បែរផ្សារ Thanka ដែលផ្សារនេះបានបង្កើតឡើងជាយូរឆ្នាំមកហើយ ។ កន្លងមក ផ្សារនេះធ្លាប់មានភ្លើងឆេះខ្លាំងចំនួន២លើក គឺកាលពីមេសា និងខែសីហា ឆ្នាំ២០២៣ ។
គេរាយការណ៍ថា ភ្នាក់ងារពន្លត់ភ្លើងបានតស៊ូពន្លត់ភ្លើងអស់រយៈពេលជាង៤ម៉ោង ដោយសារភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក ។ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ថា មានអ្នកណាម្នាក់រងរបួស ឬស្លា.ប់ក្នុងហេតុការណ៍នេះទេ ។ រីឯសមត្ថកិច្ចបានប្រកាសឱ្យអ្នករស់នៅក្បែរបរិវេណភ្លើងឆេះប្រញាប់នាំគ្នាជម្លៀសចេញជាបន្ទាន់ ៕










