លោក យឿន ពិសី អតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បច្ចុប្បន្នជាគ្រួសាររបស់ផលិតកម្មហ្គាឡាក់ស៊ី បានចេញមកស្នើដល់សិល្បករមួយចំនួនដែលមានបទចម្រៀង Lyric បែបអា.សអាភា.ស សូមបញ្ឈប់សកម្មភាពទាំងនេះព្រោះវាបានជះឥទ្ធិពលខ្លាំងដល់សង្គម។ ការលើកឡើងរបស់ យឿន ពិសី នេះធ្វើឡើងបន្ទាប់ពីឃើញបទចម្រៀងមានបារ៉ូលបែបអា.សអាភា.សកំពុងវាយលុកលើបណ្តាញសង្គម TikTok ហើយក្មេងៗកំពុងយកបទចម្រៀងមិនសមរម្យទៅលេងកម្សាន្តព្រោងព្រាត។
នៅលើបណ្តាញសង្គមរបស់អតីតម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកនេះបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៩ ធ្នូ នេះថា «បទចម្រៀង Lyric បែបអាសអាភាសកំពុងតែវាយលុកពេញបណ្ដាញសង្គម TikTok គេកំពុងលេងព្រោងព្រាតមានទាំងក្មេងៗក៏លេងដែរ។ ឱបងប្អូន Artist content មួយចំនួនអើយ តើបងប្អូនមានដឹងខ្លួនទេថាបងប្អូនពិតជាមានឥទ្ធិពលខ្លាំងណាស់ សូមកុំខឹងខ្ញុំនៅពេលដែលខ្ញុំនិយាយទៅធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូន»។
លោក យឿន ពិសី បន្តថា «បើបទចម្រៀងដែលមានអត្ថន័យល្អខ្ញុំមិនដែលនិយាយទេ
ប៉ុន្តែបទចម្រៀងដែលមានទំនុកបែបអាសអាភាសបែបនេះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំសុំចិត្តបងប្អូន Artist content មួយចំនួនដែលកំពុងតែផលិតបទចម្រៀងដែលមាន Lyric បែបអាសអាភាសទាំងឡាយសូមមេត្តាបញ្ឈប់ទៅ
ព្រោះវាមិននាំឱ្យក្មេងៗក្នុងសង្គមរបស់យើងរីកចម្រើនទេ»។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា យឿន ពិសី បានប្រកាសថាលោកបានចូលរួមជាមួយផលិតកម្មហ្គាឡាក់ស៊ី ជាទ្រនំច្បាស់លាស់មួយបន្ទាប់ពីពុះពារតែឯងក្នុងអាជីពសិល្បៈកន្លងមកនេះ។ ដ្បិតតែលោកមិនមានកាយសម្បទាគ្រប់លក្ខណៈតែលោកជាសិល្បករមួយរូបដែលមានជំនាញអាចផលិតភ្លេង ច្រៀង ជាពិសេសការផ្លុំខ្លុយរបស់លោកគឺពីរោះរណ្តំតែម្តង។
បច្ចុប្បន្នលោក យឿន ពិសី មានកូនពីរនាក់នៅក្នុងបន្ទុកព្រមទាំងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយានិងកូនៗទោះបីជាលោកមានជីវភាពលំបាកបន្តិចក្តី ព្រោះលោកពុំសូវទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីផ្សេងៗឡើយ៕










