កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមអ៊ីនធើណែតកំពុងតែមានការចាប់អារម្មណ៍និងអាណិតអាសូរបុរសម្នាក់ជាពន់ពេក ក្រោយបុរសជាអ្នកបើកបរឡានដឹកទំនិញនៅ Inner Mongolia (ប្រទេសចិន) ពេលកំពុងបើកបរឆ្លងកាត់ព្យុះព្រិល ដោយតូចចិត្តនឹងជីវិតខ្លួនឯងខ្លាំងពេកធ្វើឲ្យគាត់ទប់ចិត្តមិនជាប់ ក៏ស្ទុះចេញពីរថយន្តបង្ហើបពាក្យមួយឃ្លានេះ ។
ព្យុះព្យុលកំពុងតែបោកបក់ខ្លាំង ធ្វើឲ្យផ្លូវរអិល ឡានក៏ទៅមុខមិនរួច ដែលបណ្តាលឲ្យអ្នកបើកបរម្នាក់នោះបានជាប់គាំងនៅកន្លែងដាច់ស្រយ៉ាលមួយតែម្នាក់ឯង។ គាត់បានសម្លឹងមើលព្រិលដ៏ត្រជាក់ដែលបក់មកលើមុខរបស់គាត់ ទឹកភ្នែករបស់គាត់ស្រុកចុះ លាយជាមួយនឹងព្រិល និងទឹកភ្លៀង។ ភ្លាមនោះគាត់ក៏បាននិយាយពាក្យមួយឃ្លាថា៖ «ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់ដែលខ្ញុំមិនខំរៀន បើមានជាតិក្រោយពិតខ្ញុំនឹងខំរៀន»។ មួយឃ្លានេះផងដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្ទើរតែធ្លាយបេះដូងចេញមកក្រៅ និងក្តុកក្តួលគ្រប់ៗគ្នា។
ដូចដែលបានដឹងមកហើយថា ឥឡូវនេះនៅភាគខាងជើងប្រទេសចិនកំពុងទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង។ កន្លែងជាច្រើនដែលមានព្រិលធ្លាក់ខ្លាំង មនុស្សម្នានាំគ្នាសំងំលាក់ខ្លួនក្នុងបន្ទប់ដែលមានម៉ាស៊ីនកម្ដៅដើម្បីជៀសវាងភាពត្រជាក់។ រីឯសាលារៀនជាច្រើនក៏បានប្រកាសឈប់សម្រាកបណ្តោះអាសន្នសម្រាប់សិស្សផងដែរ។
អាកាសធាតុត្រជាក់ខ្លាំងបែបនេះបានបង្កការលំបាកដល់មនុស្សគ្រប់ទីកន្លែង។ ខណៈមនុស្សមួយចំនួន ប្រៀបទៅនឹងបុរសបើកឡានដឹកទំនិញម្នាក់នេះជាដើម ព្រោះតែជីវភាពខ្វះខាតខ្លាំងពេក ទើបធ្វើឲ្យគាត់ហ៊ានប្រថុយធ្វើការទាំងក្រោមខ្យល់ និងព្រិលយ៉ាងលំបាកនិងគ្រោះថ្នាក់បំផុត។
លោកបានរៀបរាប់ថា តាមដងផ្លូវនៅខណៈពេលនោះគឺកកអស់ហើយ ប្រសិនបើជិះទៅមុខវានឹងរអិលខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ រីឯនៅពីក្រោយគាត់គឺមានឡានពណ៌ក្រហមដ៏ធំមួយដែលមានតម្លៃស្មើនឹងជីវិតគាត់។ គាត់បានយំហើយនិយាយថា៖ «ខ្ញុំមិននឹកស្មានថាវាពិបាក ហើយពិបាកខ្លាំងដល់ថ្នាក់នេះទេ។ បើខ្ញុំបានដឹងបែបនេះ ខ្ញុំនឹងខំរៀនតាំងពីក្មេង»។ បើអ្នកនៅក្មេងហើយមិនខំធ្វើការ អ្នកនឹងវេទនា។ ប៉ុន្តែបើអ្នកនៅក្មេង ហើយខំរៀន យ៉ាងហោចណាស់ក៏អាចរកការងារបានសមរម្យដែរ ដោយមិនចាំបាច់ទៅធ្វើការនៅកន្លែងដាច់ស្រយាលតែម្នាក់ឯង ដេកហាលថ្ងៃហាលខ្យល់បែបនេះដែរ។ វាពិតជាពិបាកណាស់!
ការបើកឡានដឹកទំនិញធំគឺជាការងារដ៏លំបាកមួយ។ ទោះបីជាអ្នករកបានប្រាក់ច្រើនក៏ដោយ ប៉ុន្តែអ្នកត្រូវតែធ្វើដំណើរទៅគ្រប់ទីកន្លែង ឬអាចនឹងនៅក្នុងរថយន្តជាច្រើនខែផងក៏មានព្រោះតែការធ្វើដំណើរផ្លូវឆ្ងាយ។ វាជារឿងធម្មតាដែលត្រូវឃ្លាតពីផ្ទះ ឆ្ងាយពីគ្រួសារនិងកូន។ ជាងនេះទៅទៀត អ្នកបើកបររថយន្តដឹកទំនិញតែងតែជួបប្រទះការលំបាក និងហានិភ័យនៅពេលបើកបរផ្លូវឆ្ងាយ។ ពួកគេមិនហ៊ានធ្វេសប្រហែសទេ ព្រោះបើភ្លាត់តែបន្តិចនឹងមានគ្រោះថា្នក់កើតឡើងដោយអចេតនា។ ប្រសិនបើអាកាសធាតុល្អ ហើយផ្លូវរាបស្មើមិនអីទេ! ប្រសិនបើមានខ្យល់ខ្លាំង និងភ្លៀងធ្លាក់ ឬធ្លាក់ព្រិលខ្លាំង នោះវាជារឿងដ៏លំបាកហើយសម្រាប់អ្នកបើកឡានដឹកទំនិញគ្រប់រូបផងដែរ៕










