បវរកញ្ញាមានប្រជាប្រិយភាពប្រចាំប្រទេសកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងវិស័យបវរកញ្ញា ជារឿយៗត្រូវបានហ្វេនៗជំរុញលើកទឹកចិត្តចង់ឱ្យនាងចូលប្រកួតក្នុងវិស័យបវរកញ្ញាម្តងទៀត។ មិនឱ្យហ្វេនៗខកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយវៃដណ្តើមយកមកុដតែម្តង។
ជឿជាក់ថាអ្នកគាំទ្រភាគច្រើនស្គាល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មកហើយនាងគឺជាម្ចាស់មកុដ Miss Grand Cambodia 2022 និងបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិព្រមទាំងបំបែកប្រវត្តិសាស្រ្តក្នុងការប្រកួតកម្មវិធីនេះរបស់កម្ពុជាដែលនាងបានជាប់លំដាប់រងទី៥លើឆាកអន្តរជាតិ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពលេចធ្លោយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅក្រៅប្រទេសក៏ទទួលស្គាល់បវរកញ្ញាកម្ពុជាធ្វើឱ្យវិស័យបវរកញ្ញាក្នុងប្រទេសយើងកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតពីសំណាក់ទស្សនិកជនអន្តរជាតិ។
ចាប់តាំងពីការប្រកួតរួច បវរកញ្ញារូបនេះទទួលបានផ្លែផ្កាយ៉ាងខ្លាំងមានការងារសិល្បៈហូរចូលមិនចេះដាច់ទាំងការសម្តែងភាពយន្តខ្នាតធំ ទូតសុឆន្ទៈ រួមទាំងការងារនៅឯក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងណា សម្រាប់ហ្វេនៗស្នេហាវិស័យបវរកញ្ញាក៏ចង់ឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហានចូលប្រកួតបវរកញ្ញាម្តងទៀតដើម្បីឱ្យកាន់តែល្បីល្បាញ និងទទួលបានមកុដសាជាថ្មី។
យ៉ាងណាមិញ នាពេលថ្មីៗនេះតាមរយៈការLiveជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបប្រាប់ហ្វេនៗថានាងនឹងចូលរួមប្រកួតលើវិស័យបវរកញ្ញាម្តងទៀត។
លំដាប់រងទី៥ Miss Grand International 2022 រូបនេះបាននិយាយថាខ្លួនមិនកុហកអ្នកគាំទ្រទេព្រោះខ្លួនមិនគាំទ្រយកវិស័យបវរកញ្ញាមកលេងសើចទេ លក្ខណៈថាឆ្នាំនេះចូលតែអត់ចូលឱ្យហ្វេនចាំគាំទ្រហើយមិនចូលរួមប្រកួតវិញ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាបើនាងចូលនាងប្រាប់ថាចូលហើយត្រៀមខ្លួនចាំតែគាំទ្រនាងទៅប្រហែលជា៣ទៅ៤ឆ្នាំទៀតនឹងចូលរួមប្រកួតម្តងទៀត ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថា នាងសុំឱ្យខ្លួនឯងរឹងមាំជាងនេះ ព្រោះត្រូវការវាយដណ្តើមយកមកុដ លើកមុននាងទៅប្រកួតបែបកូនក្មេង ប៉ុន្តែកាលណានាងទៅប្រកួតម្តងទៀតសុំបែបមនុស្សធំវាយដណ្តើមមកុដតែម្តង។
ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រាន់តែបង្ហើបថានឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុណ្ណោះ ប៉ុន្តែនាងមិនបានបង្ហើបថានឹងចូលរួមកម្មវិធីបវរកញ្ញាណាមួយឡើយ។ ដ្បិតថាមិនទាន់បង្ហើបថាជាកម្មវិធីបវរកញ្ញាណាមួយក៏ដោយអ្នកគាំទ្រក៏សប្បាយចិត្តដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្រេចចិត្តចូលរួមប្រកួតម្តងទៀត។
គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីដូចជា Miss Cambodia 2020 ជាប់លំដាប់រងទី១ និង Miss Grand Cambodia 2022 ជាម្ចាស់មកុដតែម្តង៕










