មិនដឹងថាជាបវរកញ្ញារូបណាទេដែលធ្វើឱ្យជំទាវ នៅ សូនិតា ភរិយារបស់ឯកឧត្តម ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធម៌ក្តៅស្លឹកត្រចៀកខ្លាំង ធ្លាប់តែជាមនុស្សស្លូតបូតបានចេញមកបង្ហោះសារថាបវរកញ្ញាឥឡូវមានចរិតឈ្លើយ និងផ្តាំទៀតថាខ្មើតរបៀបនេះឈរជើងមិនបានយូរទេ។
តារាសម្តែង នៅ សូនិតា ដែលបច្ចុប្បន្នមានងារជាជំទាវចុងក្រោយមកនេះបានដុតដៃដុតជើងយ៉ាងខ្លាំងជាផ្នែកមួយជួយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍រាត្រីចងចាំជាដើម។ ស្ថិតក្នុងវិស័យសិល្បៈជាច្រើនឆ្នាំតារាសម្តែងរូបនេះក៏មានភាពលេចធ្លោគួរសមក្នុងអាជីពរបស់ខ្លួនហាក់មិនដែលមានបញ្ហាល្អក់កករជាមួយអ្នកក្នុងចង្កោមសិល្បៈនោះទេ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ជំទាវ នៅ សុនិតា បានបង្ហោះសារដាក់បវរកញ្ញាដែលមិនបង្ហាញអត្តសញ្ញាណជានរណានោះទេថាមានចរិតឈ្លើយទាំងខ្លួនគឺជាមនុស្សស្លូតបូតហើយ។
នៅយប់ថ្ងៃទី២៧ ធ្នូ លើបណ្តាញសង្គមរបស់ជំទាវ នៅ សុនិតា បានសរសេរយ៉ាងដូច្នេះថា «Miss ឥឡូវឈ្លើយគួរសម ថែចរិតបែបនេះឱ្យបានយូរបន្តិចទៅនាង កុំខ្មើតពេកក្រែងឈរជើងមិនបានយូរ ផ្តាំតកូនចៅ អស់ស្លូតត្រឹមនេះហើយ»។ បង្ហើបតែមួយប្រយោគនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំងតើបវរកញ្ញារូបណាដែលមានចរិតឈ្លើយខ្លាំងរហូតមនុស្សស្លូតបូតម្នាក់ចេញមកបង្ហោះសារបែបនេះ។
ទន្ទឹមនឹងនេះក៏មានហ្វេនៗលើកឡើងដែរថា ធ្វើជាបវរកញ្ញាគួរណាកុំប្រកាន់នូវអត្តចរិកបែបនេះអីព្រោះថាកាលដែលខ្មើតដាក់អ្នកដទៃវាមិនធ្វើឱ្យយើងចម្រើនទេមានតែធ្លាក់ចុះ ខណៈអ្នកខ្លះក៏លើកឡើងទៀតថា បវរកញ្ញាដែលធ្វើខ្លួនបែបនេះនាំឱ្យបវរកញ្ញាផ្សេងទៀតដែលមានអត្តចរិតល្អខូចឈ្មោះទៅជាមួយដែរ៕










