ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិក- ម៉ិកស៊ិក ដែលទទួលបានការស្រលាញ់ចូលចិត្តខ្លាំងពីប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំផងដែរ។ ទោះបីអាយុត្រឹមតែ២២ឆ្នាំ តែ ខាន់ ចេសា បានសាងភាពល្បីល្បាញខ្លាំងលើកីឡាជឺជិតស៊ូ ប្រកួតឈ្នះបានមេដាយជាច្រើនទាំងកម្រិតពិភពលោក និងតំបន់អាស៊ីរួមទាំងសាងមុខមាត់យ៉ាងខ្លាំងជូនប្រទេសកម្ពុជា។ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនោះ ខាន់ ចេសា ត្រូវបានមិត្តប្រុសលោក Zach Kaina សុំរៀបការហើយថែមទាំងនៅកន្លែងដែលអ្នកទាំងពីរជួបគ្នាដំបូងតាំងពី ចេសា មានអាយុ៨ឆ្នាំ។
នៅលើបណ្តាញសង្គម Instagram របស់ ខាន់ ចេសា នៅថ្ងៃទី២៧ ខែធ្នូនេះ កីឡាការិនីឆ្នើមរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមបង្ហាញពីរូបភាពមិត្តប្រុសសុំរៀបការ។ បើតាមការបញ្ជាក់ពីកាលបរិច្ឆេត ខាន់ ចេសា ត្រូវមិត្តប្រុសសុំរៀបការនៅថ្ងៃទី២២ ធ្នូ ប៉ុន្តែនាងទើបតែបង្ហោះប្រាប់អ្នកគាំទ្រ។ ជាមួយរូបភាពដ៏រំភើបចិត្តនេះ ខាន់ ចេសា ក៏បានរៀបរាប់អារម្មណ៍ក្នុងចិត្តដែរថា ពេលនេះក្តីសុបិនបានក្លាយជាការពិត មានទាំងគ្រួសារនៅជាមួយពេលមិត្តប្រុសរបស់ខ្លួនស្នើសុំរៀបការនៅ ហាវ៉ៃ ។ ចេសា ថាខ្លួនស្ទើរតែមិនជឿទេថានាងរៀបការជាមួយក្មេងដែលបានជួបនៅពេលលេងកីឡា jiujitsu នៅពេលមានអាយុប្រាំបីឆ្នាំ។
ងាកទៅកាន់លោក Zach Kaina ក៏បានប្តេជ្ញាចិត្តថាខ្លួននឹងមើលថែ ចេសា ជាភរិយា និងកូនៗរបស់គេនាថ្ងៃអនាគតឱ្យបានយ៉ាងល្អជាទីបំផុតដូចគ្នា។ ក្រោយឃើញរូបភាពនេះហើយអ្នកគាំទ្របានចូលរួមអបអរសាទរ និងជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលកាន់តែខ្លាំងនៅក្នុងជីវិត។
គួរបញ្ជាក់ថា លោក Zach Kaina ជាជនជាតិអាម៉េរិក ជាកីឡាករជឺជីតស៊ូខ្សែក្រវាត់ខ្មៅ ដែលដូចគ្នានឹង ខាន់ ចេសា ។ ត្រឹមតែជាកីឡាករជឺជីតស៊ូដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូម្នាក់ផងដែរ ខណៈ ខាន់ ចេសា ក៏ជាគ្រូបង្វឹកម្នាក់ផ្នែកកីឡាជឺជីតស៊ូដូចគ្នា៕











