ប្រទេសព្រុយណេ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Xinhua បានរាយការណ៍ថា ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍ស្ថិតនៅក្រោមក្រសួងទេសចរណ៍ បង្ហាញថា ប្រទេសព្រុយណេបានព្យាយាមដោះស្រាយបញ្ហាការប៉ះពាល់មុខមាត់ក្នុងវិស័យទេសចរណ៍ ដែលបណ្តាលមកពីមគ្គុទ្ទេសក៍ទេសចរខុសច្បាប់ និងបុគ្គលគ្មានលិខិតអនុញ្ញាតធ្វើការក្នុងវិស័យទេសចរណ៍ ។![]()
បច្ចុប្បន្ន ប្រទេសព្រុយណេបានក្លាយជាគោលដៅទេសចរណ៍ពេញនិយមពីសំណាក់ភ្ញៀវទេសចរបរទេស ប៉ុន្តែប្រទេសនេះបានប្រឈមនឹងបញ្ហាមួយចំនួនក្នុងវិស័យទេសចរណ៍ ដូចជា ៖ មគ្គុទ្ទេសក៍ទេសចរគ្មានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់ទេសចរណ៍របស់ប្រទេសនេះយ៉ាងខ្លាំង ហើយធ្វើឱ្យគេបារម្ភអំពីគុណភាព និងបទពិសោធន៍ក្នុងដំណើរកម្សាន្តផងដែរ ។
ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍បានជូនដំណឹងទៅកាន់ភ្ញៀវទេសចរ និងក្រុមហ៊ុនទេសចរណ៍ថា ពួកគេគួរជួលមគ្គុទ្ទេសក៍ទេសចរណាដែលមានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវប៉ុណ្ណោះ ដោយសារអ្នកទាំងនោះមានចំណេះដឹងជ្រៅជ្រះ និងអាចប្រាប់ភ្ញៀវទេសចរអំពីតំបន់កម្សាន្ត ។ ហេតុនេះ ភ្ញៀវទេសចរទាំងអស់នឹងមានសុវត្ថិភាព និងទទួលបាននូវបទពិសោធន៍ល្អៗពេលពួកគេមកកម្សាន្តនៅប្រទេសព្រុយណេ ។
ដូចគ្នានេះ រដ្ឋាភិបាលព្រុយណេប្រកាសថា ភ្ញៀវទេសចរទាំងអស់គួរតែស្វែងរកក្រុមហ៊ុនទេសចរណ៍ណា ដែលមានលិខិតអនុញ្ញាតច្បាស់លាស់ពីរដ្ឋាភិបាល ។ រីឯមគ្គុទ្ទេសក៍ទេសចរវិញ គួរស្វែងរកបុគ្គលណាដែលទទួលបានលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ និងមានសញ្ញាសម្គាល់ជាផ្លូវការ ដូចជា ៖ ឈ្មោះ, រូបថត និងព័ត៌មានផ្សេងៗ ៕










