ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងការងឿងឆ្ងល់ជាខ្លាំង ជុំវិញការបំពេញភារកិច្ចរបស់ ប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ ដោយហេតុថាមានករណីបុកមនុស្សស្លាប់នៅពេលយប់ម៉ោង៣ទាបភ្លឺ លុះដល់ម៉ោង១១ថ្ងៃត្រង់ស្អែកឡើង លោកប្រធានការិយាល័យចរាចរណ៍អត់ដឹងថាមានករណីនេះកើតឡើងសោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖” រាងចម្លែកដែរ ប្រធានការិយាល័យភ្នំពេញ មានមនុស្សបុកតាំងម៉ោង៣ជិត៤ ដល់ម៉ោង១០ សួរទៅឯកឧត្តមស្នងការរាជធានី លោកប្រធានទទួលផ្នែកចរាចរណ៍ បែរជាអត់ដឹងថាមានករណីគេបុកគ្នាស្លាប់ផង”។

ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា៖”ខ្ញុំសូមឱ្យមន្ត្រី ឬអង្គភាពពាក់ព័ន្ធ ដែលផ្នែកផ្តល់សេវាកម្ម ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ត្រូវតែក្តាប់ឱ្យបានព័ត៌មានករណីបុករត់នេះ ព្រោះការបុករត់នេះវាមានច្រើន ប្រសិនបើបុកពេលយប់ជារឿងមួយ តែបើបុកនៅក្នុងទីប្រជុំជន ហើយមានកម្លាំងរបស់យើងទៅហើយគេនៅតែរត់បានទៀតមិនធម្មតាទេ”៕