Masaka Kids Africana គឺក្រុមតន្ត្រីកុមារកំព្រានៅទ្វីបអាហ្រ្វិកបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្រុមតន្រ្តីនេះបានសម្តែងបទចម្រៀង Merry Christmast ដែលបានទាក់ទាញអ្នកទស្សនាជាច្រើន។ លើសពីនេះ វីដេអូ I Wanna Wish You A Merry Chrismast មានអ្នកចូលរាប់លាន ៦លានស្របពេលរដូវកាល Chrismast មកដល់។
ក្រុមតន្ត្រីកុមារកំព្រានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ រួមទាំងកុមារចំនួន ២៥ នាក់នៅក្នុងប្រទេសអ៊ូហ្គង់ដា អាហ្រ្វិកខាងកើត ដោយមានកុមារអាយុចាប់ពី ២ ឆ្នាំ ដែលភាគច្រើនពួកគេសុទ្ធតែជាក្មេងកំព្រាដោយសារសង្គ្រាម ទុរ្ភិក្ស និងជំងឺ។ នៅក្នុងវីដេអូសម្តែងនីមួយៗ ក្រុមនេះបានធ្វើឱ្យបេះដូងរបស់មនុស្សជាច្រើនបានរលាយដោយសារស្នាមញញឹម សម្លេងដ៏រស់រវើក និងក្បាច់រាំរបស់ពួកគេ។ ទោះបីជាមានជីវភាពលំបាក និងកុមារភាពក៏ដោយ កុមារទាំងនោះតែងតែចែកចាយថាមពលវិជ្ជមាន។ ខណៈពាក្យស្លោកក្រុមរបស់ពួកគេមានន័យថា «យើងជាអ្នករាំ យើងបង្កើតក្តីសុបិន»។
ក្រុមនេះបានបើកឆានែលយូធូបក្នុងឆ្នាំ ២០១៨ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបច្ចុប្បន្នឈានដល់ការមើលសរុបជាង ៩៦១ លានដង។ ក្រៅពីការ Cover ឬសម្តែងក្បាច់រាំ ក្រុមនេះក៏បាននិពន្ធបទចម្រៀង និងអាល់ប៊ុមជាច្រើនដូចជា We Are the Stars, Grateful, Let’s Praise ដែលចេញនៅលើវេទិកាជាច្រើនរួមមាន Spotify, iTunes, Apple Music, amazon MP3 ។
បទចម្រៀងទាំងអស់សុទ្ធតែមានសាច់ភ្លេងនិងទំនុកច្រៀងដ៏រីករាយ ជួយលើកទឹក ហើយគេហទំព័ររបស់ក្រុមតន្ត្រីណែនាំពួកគេថាជាតំណាងឱ្យកុមារទាំងអស់នៅទ្វីបអាហ្រ្វិក ដោយព្យាយាមបង្ហាញ និងអភិវឌ្ឍសមត្ថភាពរបស់ក្មេងជំនាន់ក្រោយ។
គួរបញ្ជាក់ថា អ៊ូហ្គង់ដា បច្ចុប្បន្នជាកន្លែងមួយដែលមានកុមារកំព្រាច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានមនុស្សជាង ២.៤ លាននាក់ ដោយសារជំងឺកូវីដ ជំងឺអេដស៍ ទុរ្ភិក្ស និងសង្រ្គាម៕












