តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញអ្នកនាង មាស សុខសោភា បាននិយាយនៅក្នុង Live ជជែកជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា អ្នកមានប្រជាប្រិយភាពមួយចំនួនមានរូបរាងស្អាតៗបែរជាមានមោទនភាពទៅនឹងទង្វើដែលឈ្លោះហែកហួរគ្នានៅលើបណ្តាញសង្គម ដែលក្លាយទៅជាមេរោគឱ្យសីលធម៌សង្គមធ្លាក់ចុះទៅវិញ។ តារាចម្រៀងរូបនេះថែមទាំងលើកឡើងទៀតថា សង្គមបច្ចុប្បន្នសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ ពុំមានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាលើបណ្តាញសង្គមឡើយ។
តាមរយៈការ Live លើបណ្តាញសង្គមរបស់តារាចម្រៀង មាស សុខសោភា កាលពីថ្ងៃទី២១ ធ្នូ ប្រមាណជាង៤០នាទី ហើយពាក្យសម្តីរបស់តារាចម្រៀងរូបនេះមួយចំនួនត្រូវបានគេកាត់តបង្ហោះឡើងវិញធ្វើឱ្យមានការគាំទ្រពេញចិត្តយ៉ាងខ្លាំងពីអ្នកលេងបណ្តាញអ៊ីនធឺណិតដោយសារតែមានអត្ថន័យចាក់ដោតខ្លាំងត្រូវនឹងតថភាពពិតក្នុងសង្គម។
អ្នកនាង មាស សុខសោភា ថាការសម្តែងខ្លះជាការសម្តែងល្អជាផលវិជ្ជមាន ជាផ្លូវដែលបន្សល់ទុកទោះពេលស្លាប់ហើយក៏ដោយប៉ុន្តែរូបភាពនិងសកម្មភាពនៅរហូត នៅឱ្យគេយកតម្រាប់តាម ដែលគេហៅថាសម្តែងដោយសិល្ប៍វិធី ប្រកបដោយគុណធម៌។ អ្នកនាងបន្តថា បច្ចុប្បន្ននេះម្នាក់ៗទង្វើអ្វីក៏ចេះតែធ្វើមកដែរមានរឿងអីបន្តិចនិយាយតែតាមបណ្តាញសង្គម ដែលវាធ្វើឱ្យយើងជាមេរោគក្នុងសង្គម។ ប្រសិនជាដឹងថាសកម្មភាពខ្លួនឯងជាមេរោគក្នុងសង្គមគួរបញ្ឈប់ទៅកុំឱ្យខ្លាចជាគំរូអាក្រក់ដល់សង្គមខ្លួនឯង ប្រជាជនខ្លួនឯង។
ម្ចាស់បទ «ខូចចិត្តច្រើនដង» រូបនេះ បន្តទៀតថា រឿងខ្លះយើងអាចនិយាយទូរសព្ទតទល់ ហៅគ្នាមកនិយាយឈ្លោះគ្នាតែគ្នាឯងទៅ កុំចែករំលែកហែកហួរក្នុងសង្គមដែលជះផលប៉ះពាល់ទាំងអស់គ្នា។ ក្នុងនាមជាជនជាតិខ្មែរតែមួយ ការហែកហួរគ្នានៅលើបណ្តាញសង្គមវាធ្វើឱ្យសង្គមធ្លាក់គុណធម៌ដោយសារតែយើងម្នាក់ឯង។
មាស សុខសោភា ថា យូរៗទៅជាសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ អត់មានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាទៅវិញ ។ អ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម រូបរាងស្អាតៗ បែរជាមានមោទនភាពទៅលើមាតិកាឈ្លោះគ្នា ដែល ទង្វើនេះមិនមែនការស្តែងឡើងពីសីលធម៌ គុណធម៌ ។ ការទទួលបានភាពជោគជ័យដែលបានមកពីទង្វើ ប្រជែង ឈ្លោះគ្នា ឈប់បានក៏ឈប់ទៅគួរតែរកមាតិកាណាដែលល្អៗជំនួសវិញ៕










