ប្រទេសចិន ៖ នៅខែធ្នូ ឆ្នាំ២០២៣ គេសង្កេតឃើញតំបន់ជាច្រើននៅប្រទេសចិនមានព្រិលធ្លាក់ខ្លាំង និងផ្ទាំងទឹកកកពាសពេញទាំងអស់ ។ ហេតុនេះ ក្រសួងកសិកម្ម និងជនបទ បានចេញសេចក្តីប្រកាសអាសន្ន កម្រិតទី៤ សម្រាប់វិស័យកសិកម្មក្នុងតំបន់ជាច្រើន ដូចជា ៖ ទីក្រុងប៉េកាំង, ខេត្ត Hebei, ខេត្ត Shandong, ខេត្ត Henan និងខេត្ត Guangxi ។
ខេត្ត Henan មានផ្ទៃដីដាំដុះស្រូវសាឡីក្នុងរដូវរងាដ៏ធំបំផុតនៅប្រទេសចិន ។ បើការចុះត្រួតពិនិត្យក្នុងតំបន់ជាក់ស្តែងរបស់អ្នកជំនាញបង្ហាញថា នៅខែធ្នូ ឆ្នាំ២០២៣ ក្នុងតំបន់ភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង, ព្យុះព្រិល និងអាកាសធាតុត្រជាក់ខ្លាំង បានធ្វើឱ្យផលប៉ះពាល់តិចតួចដល់ស្រូវសាឡី លេខ១ និងលេខ២ ។ អាកាសធាតុបែបនេះ នឹងជួយធ្វើឱ្យដីមានសំណើម ដើម្បីឆ្លងកាត់រដូវរងាយ៉ាងមានសុវត្ថិភាព ។
អ្នកជំនាញបន្តថា លើសពីនេះ វាក៏អាចកម្ចាត់សត្វល្អិតក្នុងស្រូវសាឡីផងដែរ ដែលបានដាំដុះក្នុងរដូវរងា និងជួយការពារជំងឺនៅឆ្នាំ២០២៤ ។ ទោះយ៉ាងណា ពូជស្រូវសាឡីដាំដុះក្នុងរដូវរងាដែលពុំសូវធន់ជាមួយទឹកកកនោះ នឹងអាចប៉ះពាល់ដល់ទិន្នផលស្រូវខ្លះដែរ ។
ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុមកលើទិន្នផលកសិកម្ម ក្រសួងកសិកម្ម និងជនបទចិន បានចាត់វិធានការការពារគ្រោះមហន្តរាយដោយសារទឹកភ្លៀង, ព្រិល, ទឹកកក និងសីតុណ្ហភាពទាប ។
លើសពីនេះ ក្រសួងកសិកម្មនឹងបញ្ជូនក្រុមការងារ និងភ្នាក់ងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចុះទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះ និងណែនាំដល់កសិករក្នុងតំបន់ ៕
ប្រភព ៖ China face










