សោកនាដកម្ម១០ឆ្នាំត្រូវបានផ្ទុះកក្រើកសាជាថ្មីបន្ទាប់ពីជនជាប់ចោទជាឪពុកបានសម្លាប់កូនស្រីរបស់ខ្លួនវ័យ១៣ឆ្នាំដោយបានសារភាពថាខ្លួនទប់កំហឹងមិនជាប់បន្ទាប់ពីកូនស្រីមិនប្រឹងខិតខំរៀនសូត្រ ស្រលាញ់ងប់ងល់ខ្លាំងជាមួយតារា K-Pop EXO ហើយថែមទាំងកូនស្រីនិយាយថាស្រលាញ់ក្រុមនេះជាងឪពុកម្តាយ១០០០ដង។ ហេតុការណ៍នេះគឺបានកើតឡើងនៅឯប្រទេសចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo បានឱ្យដឹងថា សោកនាដកម្មនេះបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅពេលដែលក្មេងស្រីម្នាក់គេចមិនទៅសាលារៀន បន្ទាប់ពីក្នុងកាតាបរបស់គេរកមិនឃើញសម្ភារៈសិក្សា។ ឪពុកក្មេងស្រីនោះមានឈ្មោះ Zhou Kai បានត្អូញត្អែរអំពីអាកប្បកិរិយាព្រងើយកន្តើយរបស់កូនខ្លួនចំពោះការសិក្សា។ លោកកត់សម្គាល់ដឹងយ៉ាងច្បាស់ថាកូនស្រីរបស់ខ្លួនចាប់អារម្មណ៍នឹងក្រុមដែលកូនស្រីចូលចិត្តជាងគេគឺ EXO ជាងការសិក្សាទៀត។
បុរសជាឪពុកបានដាស់តឿនកូនស្រី ព្រោះតែកូនស្រីរបស់ខ្លួនគិតតែពីអង្គុយមុខកុំព្យូទ័រ គ្រប់ពេលដឹងតែពីការចាយមិនដឹងថាប្រាក់ពិបាករកប៉ុណ្ណានោះទេ ឯកូនស្រីបានបោះសម្តីវិញថា ខ្លួនអាចសងលុយបុរសជាឪពុកវិញនៅពេលអនាគត។ បុរសជាឪពុកនោះបានបន្តដោយប្រើពាក្យសម្តីទន់ភ្លន់ទៀតថា ឪពុកម្តាយគឺយកចិត្តទុកដាក់ចំពោះកូនស្រីច្រើនជាងក្រុម K-Pop ដែលកូនចូលចិត្តទៅទៀត មិនថាតារាទាំងនោះពូកែប៉ុណ្ណាក៏ដោយ ក៏គេមិនស្រឡាញ់កូនស្រីដូចឪពុកម្ដាយដែរធ្វើដូចនេះវាប៉ះពាល់ដល់ការសិក្សា។
យ៉ាងណាមិញ ស្ថានភាពពីការប្រើសម្តីទន់ភ្លន់បែរជាឈានដល់ចាក់សម្លាប់កូនស្រីខ្លួនព្រោះតែប្រយោគពីរឃ្លារបស់កូនស្រី ។ កេ្មងស្រីនោះបាននិយាយថា« នាងស្រលាញ់ក្រុម EXO ជាងនាងស្រលាញ់ឪពុក១០០០ដង !Idol ល្អជាងឪពុកទៅទៀត។
ដោយមានកំហឹង បុរសជាឪពុកបានដកកាំបិតចេញពីផ្ទះបាយ ដោយមានបំណងចង់គំរាមកូនស្រី។ ទោះបីជាយ៉ាងណាក៏ដោយ កូនស្រីបុរសនោះស្រែកថា “Idols ល្អជាងឪពុកម្តាយល្អជាងឪពុក បានធ្វើឱ្យបុរសនោះមិនអាចទប់កំហឹងបានហើយចាក់កូនស្រីរបស់ខ្លួនតែម្តង។
បន្ទាប់ពីចាក់សម្លាប់កូនស្រី បុរសនោះក៏បានអារកដៃរបស់ខ្លួនដែរដោយសារដឹងកំហុសរបស់ខ្លួននៅពេលឃើញរាងកាយកូនស្រីដេកស្តូកស្តឹងនៅចំពោះមុខ ប៉ុន្តែបុរសនោះបានឆ្លងផុតតំណាក់កាលគ្រោះថ្នាក់បន្ទាប់ពីត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់នៅក្បែរនោះ។ បុរសនោះបានសារភាពថាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមួយឆ្នាំក្រោយមកនៅក្នុងតុលាការដោយ បានពន្យល់នៅចំពោះមុខចៅក្រមថា ទំនាក់ទំនងរបស់ខ្លួនជាមួយកូនស្រី កាន់តែតានតឹងនៅពេលដែលកូនស្រីខ្លួនចាប់ផ្តើមឈ្លក់វង្វេងនឹង EXO ។ នៅក្នុងបន្ទប់កូនស្រីខ្លួនពីលើចុះក្រោមសុទ្ធតែផ្ទាំងរូបភាព និងទំនិញរបស់ក្រុមចម្រៀងនេះថែមទាំងមិនឱ្យនរណាទៅជិតកុំព្យូទ័ររបស់នាទេ ហើយចំណាយពេលភាគច្រើនរបស់នាងរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រ EXO ដែលនាងបានចូលរួម។
នៅពេលមួយ នាងថែមទាំងទាមទារឱ្យឪពុករបស់នាងចេញថ្លៃសំបុត្រយន្តហោះសម្រាប់ខ្លួននាង និងមិត្តភក្តិរបស់នាង ដើម្បីមើលក្រុម EXO សម្តែងផ្ទាល់នៅទីក្រុងប៉េកាំងហើយជើងហោះហើរតែមួយមានតម្លៃ១,២០០ យន់ (ប្រមាណ១៦៨ដុល្លារ) ដែលច្រើនជាងប្រាក់ខែប្រចាំខែរបស់បុរសជាឪពុកទៅទៀត។ យាយរបស់ក្មេងស្រីនោះបានចំណាយប្រាក់ ២ ៧០០ យន់ (ប្រមាណ ៣៨០ ដុល្លារ) ដើម្បីបំពេញបំណងប្រាថ្នាចៅស្រី។ នៅក្នុងតុលាការ លោក Zhou Kai បានសម្តែងការសោកស្ដាយយ៉ាងនៅចំពោះមុខតុលាការនូវអំពើរបស់ខ្លួន៕










