បរទេស៖ ប្តីប្រពន្ធជនជាតិប៉ាគីស្ថានមួយគូត្រូវបានតុលាការរបស់ប្រទេសអ៊ីតាលីកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់កូនស្រីអាយុ ១៨ ឆ្នាំរបស់ពួកគេចោល ដោយសារតែនាងបដិសេធមិនព្រមរៀបការ។
យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូថា តុលាការនៃទីក្រុង Reggio Emilia ភាគខាងជើងប្រទេសអ៊ីតាលី បានសម្រេចកាត់ទោសលោក Shabbar Abbas និង Nazia Shaheen ដែលជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពរបស់ជនរងគ្រោះ Saman Abbas នៅក្រោមផ្ទះកសិដ្ឋានមួយនៅភាគខាងជើងប្រទេសអ៊ីតាលី ខណៈដែលក្មេងស្រីរងគ្រោះរូបនេះបានបាត់ខ្លួនអស់រយៈពេល ១៨ ខែហើយតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ។
គ្រួសារនេះគឺជាពលរដ្ឋប៉ាគីស្ថាន ប៉ុន្តែបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអ៊ីតាលី ហេតុនេះហើយទើបតុលាការរបស់ប្រទេសអ៊ីតាលីជាអ្នកកាត់ទោសអ្នកពីរ។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ជនរងគ្រោះគឺលោក Shabbar Abbas បច្ចុប្បន្នត្រូវបានចាប់ខ្លួនហើយ ខណៈដែលភរិយារបស់គាត់ត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ស្ត្រីមូស្លីមរាប់រយនាក់នៅក្នុងប្រទេសប៉ាគីស្ថាន ក្លាយជាជនរងគ្រោះនៃ “ការសម្លាប់ និងការគំរាមកំហែង” យ៉ាងខ្លាំងពីសាច់ញាតិរបស់ពួកគេ។
យោងតាមរដ្ឋអាជ្ញាអ៊ីតាលីបានកំណត់ថាក្មេងស្រីរងគ្រោះអាយុ ១៨ ឆ្នាំរូបនេះ ត្រូវបានឪពុកម្តាយរបស់នាងសម្លាប់ពិតប្រាកដមែន ដោយពួកគេបានស៊ើបអង្កេតកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ក៏ដូចជាធ្វើកោសល្យវិច័យបានបង្ហាញថាជនរងគ្រោះមានបាក់ឆ្អឹងកប្រហែលដោយសារការច្របាច់ក។ ព្រះរាជអាជ្ញាបាននិយាយថា គ្រួសាររបស់ Saman ដែលជាជនរងគ្រោះមានការខឹងសម្បារនៅពេលដែលពួកគេដឹងថាកូនរបស់ខ្លួនមានមិត្តប្រុសនៅប្រទេសអ៊ីតាលី ហើយមិនគោរពសាសនាអ៊ីស្លាម ក៏ដូចជាមិនពាក់ក្រម៉ា ធ្វើឱ្យឪពុកម្តាយរបស់នាងខឹងយ៉ាងខ្លាំង ក៏សម្រេចធ្វើរឿងឃោឃៅនេះតែម្តង៕










