លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ពិតជាមិនធម្មតានោះទេស័ក្តិសមជាអ្នកច្នៃម៉ូតជួរមុខលំដាប់ប្រទេស ខណៈមុនបំណាច់ឆ្នាំ២០២៣ លោកទទួលបានពានរង្វាន់មួយទៀតក្នុងចំណោម១០ប្រទេសលើទឹកដីម៉ាឡេស៊ី។ ស្នាដៃរបស់លោកក្នុងឆ្នាំនេះទទួលបានពានអន្តរជាតិចំនួន៣ហើយ។ មិនត្រឹមតែលើកកម្ពស់ជាតិលើឆាកអន្តរជាតិប៉ុណ្ណោះទេតែលោកក៏បានរួមចំណែកជួយជាតិដោយបានច្នៃម៉ូតសំលៀកបំពាក់ជូនសិល្បករសិល្បការិនីក្នុងព្រឹត្តិការណ៍រាត្រីចងចាំផងដែរ។
នៅលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ កាលពីថ្ងៃទី១៧ ធ្នូ អ្នកច្នៃម៉ូតរូបនេះបានឱ្យដឹងថាកម្ពុជាបានឈ្នះពានច្នៃម៉ូតល្អឥតខ្ចោះក្នុងចំណោម ១០ប្រទេសក្នុងកម្មវិធីមួយនៅឯប្រទេសម៉ាឡេស៊ី។ លោក អូលីវ៉ា គង់ បានរៀបរាប់ថា «រំភើបចិត្តណាស់កម្ពុជាធ្វើបានសំរេចជោគជ័យទៀតហើយ កម្ពុជាឈ្នះពានច្នៃម៉ូតដបានយ៉ាងល្អឥតខ្ចោះ ក្នុងចំណោម ១០ប្រទេស Excellent Designer Award ក្នុងកម្មវិធី Asia Fashion Runway នៅក្នុងប្រទេសម៉ាឡេស៊ី»។ លោកបន្តថា «អ្វីដែលកាន់តែរំភើបខ្ញុំបានពាំនាំនូវសិល្បៈវប្បធម៌ អរិយធម៌ខ្មែរមកកាន់ឆាកអន្តរជាតិពិភពលោកពិតជាស្ងប់ស្ងែងនឹងសិល្បៈវប្បធម៌ខ្មែរខ្លាំងណាស់»។
បើតាមលោក អូលីវ៉ា គង់ ធ្លាប់បានបញ្ជាក់កន្លងមកថាការចូលរួមកម្មវិធី Asia Fashion Runway នៅក្នុងប្រទេសម៉ាឡេស៊ីនេះមានទាំងសែរាជវង្ស រាជរដ្ឋាភិបាល និងតារាល្បីៗចូលរួមប្រមាណជាង១០០០នាក់។
នេះជាពានលំដាប់អន្តរជាតិទី៣ហើយដែលលោក អូលីវ៉ា គង់ ទទួលបានដោយកាលពីខែសីហា លោកនិងកូនសិស្សបានចេញទៅដើរម៉ូតនៅកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណានិងទទួលបានពានរង្វាន់ Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូដ២២រូប មកពី១២ប្រទេសផ្សេងគ្នា។
នៅខែកញ្ញា អ្នកច្នៃម៉ូត អូលីវ៉ា គង់ បាននាំយកសំលៀកបំពាក់សហសម័យ និងម៉ូតសក់ដកស្រង់ពីអប្សរាអង្គរវត្តចូលរួមក្នុងកម្មវិធីMilan Fashion Week ប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី ព្រមទាំងទទួលបានពាន TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស។
ទន្ទឹមនឹងការងារមមាញឹកនៅក្រៅប្រទេស លោក អូលីវ៉ា គង់ ក៏បានចូលរួមផ្នែកបរិស្ថានដូចគ្នាដោយកាលពីកន្លងទៅនេះដោយលោកដឹកនាំក្រុមដើរបង្ហាញម៉ូតនៅខេត្តព្រះសីហនុព្រមទាំងដើររើសសំរាមទៀត។ កាលពីថ្ងៃទី១៤ ធ្នូ លោក អូលីវ៉ា គង់ ក៏បានចូលរួមព្រឹត្តិការណ៍ជាតិដោយបានច្នៃម៉ូតសំលៀកបំពាក់សហសម័យចំនួន៤១ឈុតជូនសិល្បករ សិល្បការិនីដើរបង្ហាញម៉ូតក្នុងព្រឹត្តិការណ៍រាត្រីចងចាំ៕










