នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីជំរុញពាណិជ្ជកម្ម។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងនាយករដ្ឋមន្ត្រីរបស់ប្រទេសឡាវលោក Sonexay Siphandone អំឡុងពេលទទួលទានអាហារពេលព្រឹកនៅទីក្រុងតូក្យូ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី៥០ ដោយវាយតម្លៃលើការបន្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបានបង្រួបបង្រួម និងអភិវឌ្ឍន៍លើវិស័យជាច្រើន។

ទាក់ទងនឹងពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពថា កម្ពុជា ឡាវ វៀតណាម នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ច រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ រួមគ្នាកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅលើឆាកអន្តរជាតិ និងប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ប្រទេសនានានឹងដាក់ចេញនូវគោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន និងប្រព័ន្ធច្រកទ្វារព្រំដែនគោក។

ប្រទេសទាំងបីក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងរួមគ្នាកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាក្នុងការសម្របសម្រួលដើម្បីរក្សាសាមគ្គីភាព ជំហរ និងតួនាទីកណ្តាលរបស់អាស៊ានក្នុងបញ្ហាតំបន់ផងដែរ។

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៤ ប្រទេសឡាវនឹងកាន់តំណែងជាប្រធានអាស៊ាន ដោយនាយករដ្ឋមន្ត្រីឡាវបាននិយាយថា ការផ្តោតសំខាន់នៃអាស៊ានឆ្នាំ ២០២៤ គឺដើម្បីពង្រឹងការតភ្ជាប់និងភាពធន់របស់អាស៊ាន។ ក្នុងនោះនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានអះអាងដែរថា វៀតណាមនឹងផ្តល់ការគាំទ្រជាអតិបរមា ដើម្បីជួយឡាវឱ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlT58bpLTCT_Cnxh13LfZuatk1LyeJmHAHlEWNOfhP_NtTUmV0PZqnZaXh3eAhBpS3WZx3Yffu5Cy42FiC3X4ZpSzsgvIfMYJTlfTC-SkAwvWoXi5mmG18HFA59qMDfZlLzr7KRAnVejj55fYyDgrIfeJoKc1cC-I4XqKRaytu5Lt-KiWRTomGrd5DUU/s790/photo_2023-12-18_14-57-19.jpg