តារាសម្តែងទឹកភ្នែក នី មុន្នីនាថ មានអារម្មណ៍នៅមិនសុខបន្ទាប់ពីឃើញទង្វើដ៏ល្អរបស់តារាចម្រៀងរ៉េប ជី ដេវីត ម្តងហើយម្តងទៀតរហូតហ៊ានចេញមុខនិយាយចំៗបង្ហាញទៅកាន់សាធារណជនថា ជី ដេវីត គឺជាអាយដលនាងដោយសម្អាងលើហេតុផល៣យ៉ាង។
កញ្ញា នី មុន្នីនាថ ជាតារាសម្តែងល្បីឈ្មោះមួយរូបក្នុងអាជីពសិល្បៈជាពិសេសតារាស្រីរូបនេះត្រូវបានទស្សនិកជនលើកសរសើរពីការសម្តែងរបស់នាងពីឆុតឆាកកំសត់ៗ ទឹកភ្នែកហូរខ្ចាយគឺសម្តែងបានល្អខ្លាំងរហូត នី មុន្នីនាថ ត្រូវទស្សនិកជនហៅថាតារាទឹកភ្នែក។ ក្រៅពីអាជីពសម្តែងតារាសម្តែងរូបនេះក៏ធ្វើឱ្យមានចំណងជើងលើកិច្ចការសប្បុរសធម៌ផងដែរថែមទាំងធ្លាប់ត្រូវបានអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង កោតសរសើរផងដែរកាលពីខែមិថុនា កន្លងមកនេះបន្ទាប់ពីរូបនាងបានកៀងគរអ្នកសិល្បៈជាច្រើនរូបចូលរួមក្នុងព្រឹត្តិការណ៍ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម។
ថ្មីៗនេះទៀតសោត ពោលគឺល្ងាចថ្ងៃទី១៧ ធ្នូ តារាសម្តែង នី មុន្នីនាថ ចេញមុខមកនិយាយពីតារាចម្រៀងរ៉េប ជី ដេវីត ថាជាតារាម្នាក់ដែលនាងហៅថាអាយដលព្រមទាំងលើកពីហេតុផលផងដែរ។ ចំណុចល្អទី១ ដែល មុន្នីនាថ ហៅ ជី ដេវីតជាបុគ្គលគម្រូនោះគឺតារាចម្រៀងរូបនេះឱ្យតម្លៃទៅលើ fans និងមនុស្សជុំវិញខ្លួន យកចិត្តទុកដាក់ទៅលើការងារ ភាពសាមញ្ញព្រមទាំងរួសរាយរាក់ទាក់។
ហេតុផលទី២ ជី ដេវីត បានលើកស្ទួយវិស័យតន្ត្រីឱ្យកាន់តែមានគេស្គាល់ច្រើន និងមានការរីកចម្រើន។ នី មុន្នីនាថ បានលើកឡើងចំណុចទី៣ នោះគឺ ជី ដេវីត បានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ ព្រមទាំងលើកទឹកចិត្តឱ្យអ្នកគាំទ្រយកតារាចម្រៀង ជី ដេវីត ធ្វើជាបុគ្គលគម្រូផងដែរ។
គួរបញ្ជាក់ផងដែរថា ដ្បិតថាលោក ជី ដេវីត និយាយលេងខ្លួនជាមួយរថយន្តទំនើបៗ និងលម្អខ្លួនជាមួយគ្រឿងពេជ្ររាប់ម៉ឺនដុល្លារក្តី ប៉ុន្តែលោកក៏មិនភ្លេចការងារសប្បុរសធម៌ផងដែរដូចជាចូលរួមបរិច្ចាគឈាម សាងសង់សាលារៀន និងទីវត្តអារាមដែលលោកបានបួសជាព្រះសង្ឃផងដែរ៕










