ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន លើកឡើងថា ៖ «ខ្ញុំបាននិយាយរឿងនេះជាច្រើនលើកហើយ បើត្រូវនិយាយម្តងទៀត វាមិនខូចខាតអ្វីទេ ។ ប្រទេសរុស្ស៊ីមិនអាចនៅស្ងៀមបានទេ ប្រសិនបើខ្វះអធិបតេយ្យភាព ហើយប្រទេសរុស្ស៊ីអាចនឹងបញ្ចប់ ។ ទោះយ៉ាងណា អ្វីដែលកើតឡើងនាពេលនេះ ខណៈវាស្ងប់ស្ងាត់អស់រយៈពេលយ៉ាងយូរចំនួន១.០០០ឆ្នាំ ចំណុចសំខាន់ គឺការធ្វើឱ្យអធិបតេយ្យភាពរឹងមាំ» ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយផ្តោតទៅលើភាពសំខាន់ក្នុងការរក្សាអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ីជាអាទិភាព នៅពេលលោកឡើងលើវេទិកាឆ្លើយសំណួរជាសាធារណៈប្រចាំឆ្នាំ លើកទី១៨ ។ អ្នកសារព័ត៌មានបានសាកសួរលោកពាក់ព័ន្ធនឹងប្រធានបទផ្សេងៗក្នុងប្រទេសរុស្ស៊ី ដូចជា ៖ នយោបាយការបរទេស, នយោបាយក្នុងប្រទេស និងសេដ្ឋកិច្ច ។
ក្នុងចំណោមសំណួរទាំងអស់ដែលអ្នកសារព័ត៌មានបានសួរទៅកាន់លោកប្រធានាធិបតីរុស្ស៊ី គឺបញ្ហាតម្លៃស៊ុត និងសាច់មាន់ឡើងថ្លៃខ្ពស់ ។ លោក វ៉្លាឌីមៀ ពូទីន បានសូមទោសពលរដ្ឋ ហើយលោកទទួលស្គាល់ថា វាជាការបរាជ័យរបស់រដ្ឋាភិបាល ។ លោកសន្យាថា នឹងដោះស្រាយបញ្ហានេះផងដែរ ។
លោក វ៉្លាឌីមៀ ពូទីន លើកឡើងថា ៖ «ខ្ញុំសូមទោសពាក់ព័ន្ធនឹងបញ្ហានេះ វាជាការបរាជ័យរបស់រដ្ឋាភិបាល ។ ខ្ញុំគិតថា បញ្ហានេះវាទាក់ទងគ្នា បើទោះជាមានមនុស្សខ្លះប្រាប់ខ្ញុំថា មិនពាក់ព័ន្ធគ្នាទេ តែខ្ញុំថាពាក់ព័ន្ធ ព្រោះរដ្ឋាភិបាលមិនបាននាំចូលស៊ុត និងសាច់មាន់បន្ថែមទៀត ដោយសារបារម្ភថា នឹងចំណាយប្រាក់បន្ថែម ។ ខ្ញុំសន្យាថា បញ្ហានេះនឹងទទួលបានការដោះស្រាយយ៉ាងឆាប់រហ័ស» ។
ចំណែកប្រធានបទក្តៅពាក់ព័ន្ធនឹងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា គោលដៅរបស់រុស្ស៊ីក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺមិនផ្លាស់ប្តូរទេ ហើយវានឹងកើតសន្តិភាព ប្រសិនបើរុស្ស៊ីសម្រេចគោលដៅ ។ រីឯកងទ័ពរុស្ស៊ីនៅតែត្រៀមកម្លាំងគ្រប់ពេលវេលា ។
លោកប្រធានាធិបតីរុស្ស៊ីលើកឡើងថា ៖ «ខ្ញុំនឹងនិយាយត្រង់ទៅត្រង់មកថា វានឹងទទួលបានលទ្ធផលល្អសម្រាប់យើង ។ នេះជាយុទ្ធសាស្ត្រដ៏លំបាករបស់កងទ័ព បើពួកគេនៅតែបញ្ជូនកងទ័ពទៅកាន់តំបន់ទាំងនោះ ។ បើពួកគេនៅតែធ្វើបែបនេះ ខ្ញុំគិតថា វានឹងក្លាយជាសោកនាដកម្មសម្រាប់ពួកគេ» ។
រីឯសម្ព័ន្ធភាពរុស្ស៊ីជាមួយប្រទេសផ្សេងៗ លោក វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា លោករីករាយនឹងជជែកជាមួយប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាគ្រង និងអ្នកដឹកនាំ EU ផ្សេងទៀត ។ ក្រៅពីនេះ លោករីករាយក្នុងការជួញដូរឧស្ម័នធម្មជាតិជាមួយជប៉ុន និងប្រទេសផ្សេងៗ ៕ ប្រភព ៖ TNN World










