ប្រទេសវៀតណាម ៖ គេហទំព័រ SAOstar រាយការណ៍ថា នារីម្នាក់បានឮសូរសំឡេងប្លែកៗនាពាក់កណ្តាលអធ្រាត្រ ហើយពេលនាងសម្លឹងទៅខាងលើទ្វារបន្ទប់ធ្វើឱ្យនាងតក់ស្លុតយ៉ាងខ្លាំង និងសម្រាកមិនលក់ពេញមួយយប់ ។ នាងបានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម និងរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ពេលនាងនៅក្នុងបន្ទប់ម្នាក់ឯង ហើយវីដេអូនេះត្រូវបានគេចាប់អារម្មណ៍ និងចែកចាយពេញបណ្តាញសង្គមនៅប្រទេសវៀតណាម ។
ក្នុងវីដេអូបង្ហាញថា បើទោះជាម៉ោង១០យប់ក្តី ប៉ុន្តែស្ត្រីម្នាក់នេះមិនទាន់ចូលសម្រាកទេ ហើយនាងនៅតែបើកភ្លើងក្នុងបន្ទប់ ។ បន្តិចក្រោយមក ស្រាប់តែឮសូរសំឡេងប្លែកៗ នាងក៏សម្លឹងទៅខាងលើទ្វារ ស្រាប់តែឃើញមានមនុស្សយកខ្សែលួសរឹងយ៉ាងវែងសកចូលតាមប្រហោងបញ្ចេញខ្យល់ខាងលើទ្វារ ហើយព្យាយាមបើកគន្លឹះទ្វារបន្ទប់ ។
ពេលនោះ នាងភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែព្យាយាមធ្វើចិត្តឱ្យស្ងប់ស្ងាត់ និងថតវីដេអូទុកសម្រាប់ដាស់តឿនអ្នកដែលរស់នៅតែម្នាក់ឯង ។ បន្ទាប់មក នាងក៏គប់ស្កុតទៅលើទ្វារយ៉ាងខ្លាំងដើម្បីឱ្យដឹងថា មានមនុស្សនៅក្នុងបន្ទប់នេះ ហើយមិនទាន់សម្រាក ។ ពេលនាងគប់ស្កុតរួចហើយ មនុស្សនៅខាងក្រៅប្រញាប់ទាញខ្សែលួសចេញក្រៅវិញភ្លាមៗ ។ ហេតុការណ៍នេះធ្វើឱ្យនាងភ័យខ្លាច និងសម្រាកមិនលក់ទេ ។ នាងបានបង្ហោះវីដេអូនេះដើម្បីដាស់តឿនមនុស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្ន ជាពិសេស អ្នកនៅបន្ទប់ម្នាក់ឯង ។
ក្រោយពីនាងបង្ហោះវីដេអូក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សជាច្រើននាក់បានបង្ហាញការអាណិតអាសូរចំពោះនារីខាងលើ ដោយសារពួកគេធ្លាប់ជួបស្ថានការណ៍ស្រដៀងគ្នានេះរួចហើយ ។ អ្នកលេងបណ្តាញសង្គមវៀតណាមបានរៀបរាប់ពីហេតុការណ៍ដែលពួកគេបានជួបប្រទះរៀងៗខ្លួន ។ វីដេអូនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ៕ ប្រភព ៖ sanook










