ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃផ្សាយថា ម្ហូបរបស់ថៃឈ្មោះ «ឆាម្រះព្រៅ» បានជាប់ចំណាត់ថ្នាក់ទី៣ ជាម្ហូបល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ។ រីឯម្ហូបឈ្មោះ «ខាវសយ» បានជាប់ចំណាត់ថ្នាក់ទី៦ និងម្ហូបឈ្មោះ «សម្លផានែង» បានជាប់ចំណាត់ថ្នាក់ទី១០ ។ រីឯម្ហូបជាប់ចំណាត់ថ្នាក់ទី១ ជាម្ហូបល្អបំផុតនៅលើពិភពលោក គឺបានទៅលើម្ហូបឈ្មោះ «Picanha» របស់ប្រទេសប្រេស៊ីល ។
Tasteatlas គឺជាគេហទំព័របង្ហាញពីការធ្វើដំណើរផ្អែកលើបទពិសោធន៍ពាក់ព័ន្ធនឹងម្ហូបអាហារ និងទទួលការណែនាំពីអ្នកជំនាញ ក៏ដូចជាអ្នកបញ្ចេញមតិពីម្ហូបអាហារ បានផ្សព្វផ្សាយម្ហូបអាហារល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ថា ម្ហូបរបស់ថៃបានជាប់ចំណាត់ថ្នាក់ចំនួន៥មុខ ដូចជា ៖
-ឆាម្រះព្រៅ ជាប់ចំណាត់ថ្នាក់ទី៣
-ខាវសយ ជាប់ចំណាត់ថ្នាក់ទី៦
-សម្លផានែង ជាប់ចំណាត់ថ្នាក់ទី១០
-ស្ងោរមាន់ ជាប់ចំណាត់ថ្នាក់ទី១៥ និង
-សម្លម៉ាស់សាម៉ាន់ ជាប់ចំណាត់ថ្នាក់ទី៧៣
ចំណែកមុខម្ហូប «ឆាម្រះព្រៅ» ដែលបានជាប់ចំណាត់ថ្នាក់ទី៣ នៅលើពិភពលោក គេហទំព័រនេះបញ្ជាក់ថា ម្ហូបមួយមុខនេះចម្អិនឡើងដោយដាក់សាច់ចញ្ច្រាំ ឬអាហារសមុទ្រ ព្រមទាំងគ្រឿងផ្សំផ្សេងទៀត ដូចជា ៖ ម្រេះព្រៅ, ខ្ទឹមបារាំង, ខ្ទឹមស, ម្រេច និងម្ទេស ។ គេត្រូវផ្សំគ្រឿងម្ហូបមួយមុខនេះដោយដាក់ស្ករ, ទឹកត្រី និងទឹកស៊ីអ៊ីវ ហើយចុងក្រោយ គេបរិភោគវាជាមួយបាយស និងដាក់ស៊ុតចៀនពីលើផងដែរ ។ លើសពីនេះ ម្ហូបឆាម្រេះព្រៅ បានជាប់ចំណាត់ថ្នាក់ទី៤ ជាប្រភេទម្ហូបដែលជនបរទេសនៅប្រទេសថៃ ចូលចិត្តបរិភោគទៀតផង ។
សម្រាប់ម្ហូបល្អបំផុតបានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ គឺបានទៅលើម្ហូបឈ្មោះ «Picanha» របស់ប្រទេសប្រេស៊ីល ។ រីឯម្ហូបជាប់ចំណាត់ថ្នាក់ទី២ បានទៅលើម្ហូប «Roti canai» របស់ប្រទេសម៉ាឡេស៊ី ៕
ប្រភព ៖ 3Plus News










