មានការចាប់អារម្មណ៍ពេញបណ្តាញអ៊ីនធឺណិតទៅលើអតីតគូស្នេហ៍ល្បីល្បាញហ្វីលីពីន Kathryn Bernardo និង Daniel Padilla បន្ទាប់ពីមានវីដេអូចែករំលែកលើបណ្តាញសង្គមដោយឃើញអ្នកទាំងពីរឡើងឆាកសម្តែងជាមួយគ្នាពេញដោយស្នាមញញឹមក្រោយពីអ្នកទាំងពីរប្រកាសបែកគ្នាកាលពីកន្លងមកនេះ។
ជិតពីរសប្តាហ៍ចាប់តាំងពីការប្រកាសពីការបែកបាក់របស់ Kathryn និង Daniel លើបណ្តាញសង្គមIG ក្រោយមានទំនាក់ទំនង១១ឆ្នាំដែលការប្រកាសបែកគ្នានេះធ្វើឱ្យមជ្ឈដ្ឋានក្នុងនិងក្រៅសិល្បៈទាំងក្នុងស្រុកនិងក្រៅស្រុកសោកស្តាយយ៉ាងខ្លាំង។ យ៉ាងណាមិញនាពេលថ្មីៗនេះអតីតគូស្នេហ៍ហ្វីលីពីនមួយគូនេះត្រូវបានគេឃើញរួមគ្នាម្តងទៀតនៅលើឆាកសម្រាប់កម្មវិធី ABS-CBN Christmas ចាប់តាំងពីការប្រកាសបែកគ្នារបស់ពួកគេហើយនេះក៏ជាលើកដំបូងផងដែរដែលអ្នកទាំងពីរបង្ហាញខ្លួនជាសាធារណៈរួមគ្នាកាលពីថ្ងៃទី១៣ ធ្នូ។
វីដេអូអ្នកគាំទ្រជាច្រើននៅលើ Twitter បានបង្ហាញថា Kathryn និង Daniel បានច្រៀងបទ “I’ll Be There For You” របស់ The Rembrandt ដែលជាបទចម្រៀងដ៏ល្បីល្បាញនៃកម្មវិធីល្បី “Friends” ។ ការចែករំលែកដំណឹងនេះបានក្លាយជាដំណឹងពេញនិយមនៅលើបណ្តាញសង្គម។ ការសម្តែងរបស់ពួកគេគឺជាផ្នែកមួយនៃ ABS-CBN Christmas Special ដែលនឹងចាក់ផ្សាយនៅចុងសប្តាហ៍ខាងមុខនេះ។
គូសបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram ថាជីវិតគូរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់នាងត្រូវបានបញ្ចប់។ ខណៈការបែកគ្នារបស់អ្នកទាំងពីរក៏មានពាក្យចចាមអារ៉ាមថាបែកគ្នាដោយសារអ្នកទី៣គឺជាតារាស្រី Andrea ។ ការប្រកាសបែកគ្នានេះដែរបានធ្វើឱ្យសន្ទុះ Followers របស់ Kathryn កើនឡើងយ៉ាងឆាប់រហ័សក្លាយជាតារាស្រីហ្វីលីពីនដែលមានអ្នកតាមដានដល់ទៅជាង២០លាននាក់។
តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនជាពិសេសរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស។
Daniel Padilla មានអាយុ២៨ ឆ្នាំគឺជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងហើយលោកគឺជាស្នេហាដំបូងរបស់ Kathryn ដោយអ្នកទាំងពីរបានស្រលាញ់គ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ Growing Up ឆ្នាំ២០១១-២០១២ និងបានបន្តសហការគ្នាសម្តែងក្នុងរឿងជាច្រើនទៀត។ ក្នុងឆ្នាំ២០១៦ អ្នកទាំងពីរបានទទួលពានរង្វាន់ Blue Star ក្នុងប្រភេទតារាបរទេសដែលមានប្រជាប្រិយបំផុតផ្នែកតារាសម្តែង៕










