ប្រទេសអ៊ីតាលី៖ បុរសសង្ហាបំផុតនៅអ៊ីតាលី បានសម្រេចចិត្តបោះបង់ការងារសិល្បៈ ហើយបន្តដើរលើវិថីសាសនាគ្រិស្ត ដើម្បីក្លាយជាបូជាចារ្យ។
យោងតាមគេហទំព័រអន្តរជាតិ New York Post បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Edoardo Santini អាយុ ២១ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាបុរសសង្ហាបំផុតនៅក្នុងប្រទេសអ៊ីតាលី ដែលរៀបចំដោយក្រុមម៉ូដ ABE ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន Santini គឺជាតារាបង្ហាញម៉ូដប្រុសដ៏សង្ហា និងទាក់ទាញម្នាក់ដែលមានរូបរាងល្អឥតខ្ចោះ។
ជាងនេះទៅទៀត យុវជនម្នាក់នេះមានអ្នក Follow ច្រើនជាង ២៤,០០០នាក់ នៅលើ Instagram។ ប៉ុន្តែថ្មីៗនេះ Santini បានអាប់ដេតព័ត៌មានផ្ទាល់ខ្លួនតាម IG ដោយនិយាយថា “គាត់គឺជាគ្រិស្តបរិស័ទ ហើយចង់ក្លាយជាបូជាចារ្យ ដើម្បីដើរតាមឆន្ទៈរបស់ព្រះ”។ ដូច្នេះគាត់នឹងសម្រេចចិត្តបោះបង់ចោលទាំងអស់នៅការដើរម៉ូដ សម្ដែង និងរាំ ហើយនឹងរស់នៅខុសពីគេដោយដើរតាមគន្លងរបស់ព្រះ។
បុរសសង្ហាវ័យ ២១ ឆ្នាំរូបនេះបាននិយាយដូច្នេះថា “គាត់មានឱកាសជួបមនុស្សអស្ចារ្យមួយចំនួន ហើយពួកគេបានធ្វើឱ្យគាត់ដឹងពីចម្លើយចំពោះសំណួរដែលគាត់បានសួរខ្លួនឯងតាំងពីកុមារភាព” គាត់មាននិស្ស័យជាមួយព្រះ ហើយគាត់នឹងបង្កើតជីវិតថ្មីឡើងវិញក្នុងបរិបទផ្សេងជាមួយនឹងព្រះ។
កន្លងមក Edoardo Santini ធ្លាប់រស់នៅជាមួយបូជាចារ្យពីរនាក់ ហើយគាត់បានចាត់ទុកពេលវេលានេះជាបទពិសោធន៍ដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបោះបង់អាជីពក្នុងវិស័យសិល្បៈនេះ ធ្វើឱ្យឪពុកម្តាយ ក៏ដូចជាអ្នកគាំទ្រជានារីៗមានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែចំពោះ Santini ផ្ទាល់វិញគឺសប្បាយចិត្តនឹងផ្លូវដែលគាត់បានជ្រើសរើស៕










