បរទេស៖ ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់ប្រទេសមួយចំនួនដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ី រួមទាំងវៀតណាមផងដែរ ដើម្បីសម្រេចបាននូវគោលដៅស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២០ លាននាក់នៅឆ្នាំ ២០២៤។
យោងតាមនាយករដ្ឋមន្ត្រី Han Duck-soo នៃប្រទេសកូរ៉េដែលបានលើកឡើងកាលពីថ្ងៃទី១០ ខែធ្នូថា លោកនឹងកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាង ២០ លាននាក់ និងសម្រេចបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២៤,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
អាស្រ័យហេតុនេះ រដ្ឋាភិបាលកូរ៉េនឹងពង្រីកបញ្ជីប្រទេសដែលមានទិដ្ឋាការឥតគិតថ្លៃសម្រាប់ក្រុម និងផ្លាស់ប្តូរគោលនយោបាយមួយចំនួនលើការបង្វិលសងប្រាក់ពន្ធនៅទីតាំងទិញទំនិញសម្រាប់ភ្ញៀវអន្តរជាតិ។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វៀតណាម ហ្វីលីពីន ក៏ដូចជាឥណ្ឌូនេស៊ី នឹងមានសិទ្ធិទទួលបានទិដ្ឋាការដោយឥតគិតថ្លៃ ខណៈដែលពីមុនកូរ៉េអនុវត្តគោលនយោបាយនេះចំពោះចិនតែប៉ុណ្ណោះ។
លើសពីនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវទេសចរ រដ្ឋាភិបាលកូរ៉េនឹងបង្កើតកម្មវិធីមួយដើម្បីគាំទ្រការកក់ទុកលើការដឹកជញ្ជូនសាធារណៈសម្រាប់ភ្ញៀវអន្តរជាតិណាដែលមិនសូវចេះភាសាអង់គ្លេស។ បច្ចេកវិជ្ជា Artificial Intelligence (AI) ក្នុងការបកប្រែក៏នឹងជួយភ្ញៀវទេសចរមកពីជុំវិញពិភពលោកធ្វើដំណើរក្នុងប្រទេសកូរ៉េកាន់តែងាយស្រួលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមនាយករដ្ឋមន្ត្រី Han Duck-soo បាននិយាយថា ចំនួនអ្នកទេសចរបរទេសចូលមកប្រទេសកូរ៉េបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពី Covid-19 ។ ដូច្នេះហើយ រដ្ឋាភិបាលនៃប្រទេសនេះមានគោលបំណងស្តារ និងកែលម្អប្រតិបត្តិការនៃឧស្សាហកម្មទេសចរណ៍ ដោយជំរុញឱ្យភ្ញៀវទេសចរមកញឹកញាប់ និងបន្តការស្នាក់នៅរបស់ពួកគេ៕










