បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា វៀតណាមនឹងទិញអគ្គិសនី រួមជាមួយធ្យូងថ្មបន្ថែមទៀតពីប្រទេសឡាវនៅឆ្នាំក្រោយ សម្រាប់ផលិតកម្ម និងសន្តិសុខជាតិ។
យោងតាមប្រភពព័ត៌មាន SSGP English Edition ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែធ្នូថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏ដូចជាក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យធ្យូងថ្ម។ ដូច្នេះ ការនាំចូលថាមពលអគ្គិសនី និងធ្យូងថ្មពីប្រទេសឡាវ មិនត្រឹមតែជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងអាចសម្រេចបាននូវគោលដៅពីរនៃសន្តិសុខជាតិ និងការពារជាតិ ក៏ដូចជាការផ្តល់នូវថាមពលសម្រាប់សេដ្ឋកិច្ចផងដែរ។
ថាមពលធ្យូងថ្ម និងថាមពលវារីអគ្គិសនី រួមទាំងទួរប៊ីនឧស្ម័នរបស់ប្រទេសឡាវបានដើរតួយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់អគ្គិសនីវៀតណាមសម្រាប់ប្រព័ន្ធជាតិនៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ ថាមពលខ្យល់ និងថាមពលព្រះអាទិត្យនឹងកកើតឡើងវិញ ដែលត្រូវបានប្រមូលផ្តុំទៅតាមតម្រូវការ និងសមត្ថភាពស្រូបយករបស់បណ្តាញអគ្គិសនី។ យោងតាមផែនការផ្គត់ផ្គង់ និងប្រតិបត្តិការឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា ទិន្នផលអគ្គិសនីដែលបានផលិត និងនាំចូលមានជិត ៣០៦.២៦ ពាន់លាន kWh ដែលក្នុងនោះរដូវវស្សាមាន ៥២%។
មូលហេតុដែលជំរុញឱ្យប្រទេសវៀតណាមនាំចូលអគ្គិសនី និងធ្យូងថ្មពីឡាវ គឺដោយសារតម្លៃប្រកួតប្រជែងក្នុងទីផ្សារទាប បើធៀបនឹងប្រទេសមួយចំនួន។ យោងតាមក្រសួង បានឱ្យដឹងទៀតថា វៀតណាមនឹងទិញថាមពលអគ្គិសនី ៣,០០០ MW ពីប្រទេសឡាវនៅឆ្នាំ ២០២៥ រួមទាំង ៥,០០០ MW នៅឆ្នាំ ២០៣០ ហើយអាចកើនឡើងដល់ ៨,០០០ MW ប្រសិនបើលក្ខខណ្ឌអនុញ្ញាត។ បច្ចុប្បន្នក្នុងរយៈពេល ១១ ខែនេះ បរិមាណអគ្គិសនីរបស់វៀតណាមដែលនាំចូលសរុបពីឡាវ និងចិន មានជិត ៤ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹង ១.៥% នៃទិន្នផលប្រព័ន្ធទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងនេះបានវាយតម្លៃថាប្រទេសវៀតណាមនៅឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំដែលកត្តាមិនអំណោយផល ក៏ដូចជាជួបការលំបាកជាច្រើនដែលលេចឡើងសម្រាប់ការផ្គត់ផ្គង់អគ្គិសនី ដូចជាគ្មានប្រភពថាមពលធំសម្រាប់ដំណើរការ បរិមាណឧស្ម័នដែលផ្គត់ផ្គង់សម្រាប់ផលិតថាមពលពីប្រភពឧស្ម័នដែលមានស្រាប់នឹងថយចុះ ដូច្នេះប្រភពឧស្ម័នថ្មី គឺនៅពីក្រោយកាលវិភាគ។ ទន្ទឹមនឹងនេះ តម្រូវការធ្យូងថ្មសម្រាប់ផលិតអគ្គិសនីកើនឡើង ហេតុនេះហើយការនាំចូលត្រូវតែកើនឡើង ដោយគេរំពឹងថា រោងចក្រនឹងត្រូវនាំចូលធ្យូងថ្មជាង ២៦ លានតោនសម្រាប់អគ្គិសនីនៅឆ្នាំ ២០២៤៕










