នាពិធីក្នុងជំនួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី៨ ធ្នូ ២០២៣ សម្តេច ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍតំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ តាមការគូសវាសរបស់សម្តេចតេជោ ដែលចង់ឱ្យតំបន់នេះក្លាយទៅជាក្រុងនាពេលអនាគត។
សម្តេចបានសង្កត់ធ្ងន់ថា៖”ពលរដ្ឋដែលមករស់នៅទីនេះ នាពេលខាងមុខ នឹងក្លាយជាអ្នកក្រុងរុនតាឯក តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល”។
សូមបញ្ជាក់ថា នៅក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានខេត្តតែមួយប៉ុណ្ណោះ ដែលមានក្រុង៣ ខណៈខេត្ត៥ផ្សេងទៀតមានក្រុង២ ក្រៅពីនេះសុទ្ធតែមានក្រុង១។
ដោយក្នុងនោះ កណ្តាលជាខេត្តដំបូងគេដែលមានក្រុងដល់ទៅ៣រួមមាន៖
- ក្រុងតាខ្មៅ
- ក្រុងអរិយក្សត្រ
• ក្រុងសំពៅពូន
ចំពោះខេត្តដែលមានក្រុង២រួមមាន៖
- ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត
- ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត
- ខេត្តកំពត មានក្រុងកំពត និងក្រុងបូកគោ
- ខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង
- ខេត្តសៀមរាម មានក្រុងសៀមរាម និងក្រុងរុនតាឯកនាថ្ងៃអនាគត៕











