បរទេស៖ បច្ចុប្បន្នពួក Hacker បានកំពុងអនុវត្ត AI ទៅក្នុងដំណើរការវាយប្រហារតាមអ៊ីនធឺណិត ដែលធ្វើឱ្យស្រទាប់សុវត្ថិភាពងាយស្រួលក្នុងការយកឈ្នះ។
យោងតាមការព្យាករណ៍ពីការគំរាមកំហែងផ្នែកសន្តិសុខតាមអ៊ីនធឺណិតនៅឆ្នាំ ២០២៤ របស់ក្រុមស្រាវជ្រាវសន្តិសុខ FortiGuard Labs (USA) បាននិយាយថា បញ្ញាសិប្បនិម្មិត AI កំពុងមាននិន្នាការត្រូវបានក្លាយជា “អាវុធដ៏គ្រោះថ្នាក់បំផុតនៅឆ្នាំ ២០២៤” ដោយមនុស្សអាក្រក់ ឬពួក Hacker បានកំពុងព្យាយាមអនុវត្ត AI សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតកាន់តែខ្លាំងឡើង។
បច្ចេកវិទ្យានេះកំពុងត្រូវបានអនុវត្តនៅដំណាក់កាលជាច្រើន ចាប់ពីការកម្ចាត់ក្បួនដោះស្រាយសុវត្ថិភាព ដល់ការបង្កើតវីដេអូក្លែងក្លាយ ដើម្បីធ្វើត្រាប់តាមឥរិយាបថ និងសំឡេងដើម្បីបញ្ឆោតអ្នកប្រើប្រាស់។ ដូច្នេះហើយ នាពេលខាងមុខនេះ ពួក Hacker នឹងទាញយកអត្ថប្រយោជន៍ពី AI តាមរបៀបថ្មី ដែលធ្វើឱ្យប្រព័ន្ធសុវត្ថិភាពមិនអាចរក្សាបាន។
ក្រុមអ្នកស្រាវជ្រាវក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យា AI នាពេលអនាគត ដោយនៅពេលខាងមុខនេះ ពួក Hacker នឹងមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីក្លែងបន្លំប្រវត្តិរូបផ្ទាល់ខ្លួន។ ជាពិសេស បន្ទាប់ពីទទួលយកទិន្នន័យពីវេទិកាបណ្តាញសង្គម និងគេហទំព័រសាធារណៈ ពួក Hacker នឹងប្រើប្រាស់ AI ដើម្បីបញ្ចូលគ្នានូវព័ត៌មាន និងបង្កើតទម្រង់ក្លែងក្លាយជាមួយនឹងភាពត្រឹមត្រូវខ្ពស់ ក៏ដូចជាបង្កើនលទ្ធភាពជោគជ័យក្នុងដំណើរការបន្លំ។
យោងតាមក្រុមហ៊ុន FortiGuard Labs អង្គភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងទៀតថា បច្ចុប្បន្នមនុស្សជាច្រើនកំពុងរងគ្រោះដោយសារ AI សិប្បនិមិត្ត។ ហេតុនេះហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក Hacker ដែលប្រើប្រាស់ AI ទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត ប្រព័ន្ធសុវត្ថិភាពរបស់ AI នឹងត្រូវពង្រឹងការត្រួតពិនិត្យជាបន្តបន្ទាប់ ក៏ដូចជាគ្រប់គ្រងការចូលប្រើ ការការពារទិន្នន័យបណ្តុះបណ្តាល AI ការគ្រប់គ្រងកម្មវិធី ការវិភាគអាកប្បកិរិយា ការធ្វើតេស្តអ្នកប្រើប្រាស់ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
ទន្ទឹមនឹងនេះ អង្គការក៏ត្រូវបង្រួមគម្លាតក្នុងជំនាញសន្តិសុខតាមអ៊ីនធឺណិត ដើម្បីបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការដោះស្រាយឧបទ្ទវហេតុសុវត្ថិភាព ដោយហេតុនេះធ្វើឱ្យបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងចុះខ្សោយ៕










