ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានចិន Yangzhi Evening News រាយការណ៍ថា មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងចំពោះបុរសម្នាក់នៅទីក្រុង Xiamen ខេត្ត Fujian ដោយសារចានបង្គន់អនាម័យដែលគាត់កំពុងបន្ទោរបង់មានភ្លើងឆេះយ៉ាងខ្លាំង ។ ចំពោះមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ ដោយសារបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលបុរសរូបនេះកំពុងអង្គុយដោះទុក្ខសត្វក្នុងបន្ទប់ទឹកនៅផ្ទះរបស់ខ្លួន ។ គាត់បានប្រើប្រាស់ចានបង្គន់ទំនើប (Smart Toilet) ដែលមានមុខងារបញ្ជាផ្សេងៗដើម្បីផ្តល់ងាយស្រួលពេលប្រើប្រាស់ ។
ពេលដំបូង គាត់បានធុំក្លិនឈ្ងៀមយ៉ាងខ្លាំង បន្ទាប់មក ស្រាប់តែមានភ្លើងពណ៌សហុយទ្រលោមចេញពីចានបង្គន់ ។ ភ្លាមៗនោះ គាត់ក៏បានក្រោកឈរឡើង ស្រាប់តែមានភ្លើងឆេះពេញបង្គន់ទាំងអស់ ។ បើតាមរូបភាពបង្ហាញថា អ្នកថតរូបភាពភ្លើងឆេះនេះ គ្មានពេលវេលាស្លៀកខោឱ្យស្រួលបួលទេ ។
ចំពោះមូលហេតុពិតប្រាកដដែលបណ្តាលឱ្យភ្លើងឆាបឆេះបង្គន់នេះ គេមិនអាចបញ្ជាក់ឱ្យបានច្បាស់លាស់ទេ ។ ប៉ុន្តែគេគិតថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី រួចហើយក៏បង្កទៅជាផ្កាភ្លើង និងរាលដាលកាន់តែខ្លាំងឡើង ។
កាលពីខែសីហា ឆ្នាំ២០២២ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរនៅខេត្ត Zhejiang គឺមានបុរសម្នាក់ភ្ញាក់ឡើងមក ដោយសារតែធុំក្លិនឈ្ងៀមខ្លាំងពេក ។ ក្រោយមក ក៏ប្រទះឃើញមានភ្លើងឆេះចានបង្គន់ទំនើបក្នុងបន្ទប់ទឹកនៅផ្ទះរបស់គាត់ ។
លើសពីនេះ នៅខែ-ឆ្នាំដដែល មានបុរសម្នាក់ទៀតនៅខេត្ត Guizhou ក៏បានជួបហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលដូចគ្នាដែរ គឺនៅសុខៗ ស្រាប់តែបង្គន់ទំនើបក្នុងផ្ទះរបស់គាត់មានភ្លើងឆេះដោយគ្មានមូលហេតុ ។
បច្ចុប្បន្ន ពលរដ្ឋចិនជាច្រើននាក់និយមប្រើប្រាស់ចានបង្គន់ទំនើប ដោយសារវាផ្តល់ភាពងាយស្រួលជាច្រើន ដូចជា ៖ ប្រព័ន្ធទឹកលាងជម្រះដោយស្វ័យប្រវត្តិ, វាអាចសម្អាតខ្លួនវាដោយស្វ័យប្រវត្តិ និងប្រព័ន្ធបង្កើនកំដៅកៅអីអង្គុយសម្រាប់អាកាសធាតុត្រជាក់ ជាដើម ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុនចិនផលិតទំនិញប្រភេទនេះជាច្រើន ព្រោះពួកគេសម្លឹងឃើញឱកាសក្នុងទីផ្សារ ៕ ប្រភព ៖ daily news










