បរទេស៖ កូនភ្លោះ Ano Sartania និង Tako Khvitia បានរកឃើញគ្នាទៅវិញទៅមកតាមរយៈវីដេអូ TikTok បន្ទាប់ពីឪពុករបស់ពួកគេបានបំបែកគ្នាតាំងពីកើតមកម្លេះ។
យោងតាមប្រភពព័ត៌មាន New York Post ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថា បងប្អូនស្រីភ្លោះ ២ នាក់ឈ្មោះ Ano Sartania និង Tako Khvitia កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០២ នៅក្នុងភូមិ Kirtskhi រដ្ឋ Georgia ដែលជាអតីតសាធារណរដ្ឋសូវៀត បានរកឃើញគ្នាទៅវិញទៅមកតាមរយៈការថតវីដេអូរាំលេងនៅក្នុងបណ្តាញសង្គម TikTok ដោយសារតែពួកគេមានមុខដូចគ្នា។
នៅពេលដែលកូនភ្លោះ Ano Sartania និង Tako Khvitia កើតមកភ្លាមៗ ឪពុករបស់ពួកគេក៏សម្រេចលក់ឱ្យគ្រួសារចំនួនពីរ ដោយសារតែគាត់សង្ស័យថាពួកគេមិនមែនជាកូនបង្កើត ខណៈដែលម្តាយរបស់កូនភ្លោះនេះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។
Sartania រស់នៅក្នុងតំបន់ Tbilisi ដោយកូនភ្លោះ Khvitia រស់នៅក្នុងតំបន់ Zugdidi ចម្ងាយ ២៦០ គីឡូម៉ែត្រពីគ្នាទៅទិសខាងលិច។ កាលពីមុនពួកគេទាំងពីរមិនបានដឹងថាខ្លួនមានបងប្អូនភ្លោះឡើយ ប៉ុន្តែអស់រយៈពេល ១៩ ឆ្នាំកន្លងមកនេះនៅពេលដែលពួកគេបានលេងកម្មវិធី TikTok មិត្តភ័ក្តិរបស់ Sartania បានប្រទះឃើញមនុស្សស្រីម្នាក់មានមុខមាត់និងរូបរាងដូចនឹង Sartania ហើយក៏បានប្រាប់ Sartania។
មិនយូរប៉ុន្មាន Ano Sartania ក៏បានបង្ហោះវីដេអូក៏ដូចជាទាក់ទងទៅមនុស្សស្រីម្នាក់ដែលមានមុខមាត់ដូចនាង ដែលម្នាក់នោះមានឈ្មោះថា Tako Khvitia រួមទាំងបានធ្វើតេស្ត DNA ជាមួយគ្នាដែលបញ្ជាក់ថាពួកគេពិតជាបងប្អូនភ្លោះនឹងគ្នាមែន។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលបានឱ្យដឹងថា អ្នកទាំងពីរបានបដិសេធមិនជួបឪពុកបង្កើតរបស់ពួកគេទេ។
គួរបញ្ជាក់ដែរថា កូនភ្លោះ Sartania និង Khvitia គឺជាជនរងគ្រោះពីរនាក់ក្នុងចំណោមជនរងគ្រោះជាច្រើននៃសង្វៀនស្មុំកូនខុសច្បាប់ដ៏ល្បីល្បាញរបស់ហ្សកហ្ស៊ី ដែលមានកុមារចំនួន ១០០,០០០ នាក់ត្រូវបានលក់នៅចន្លោះឆ្នាំ ១៩៥០ និង ២០០៦ ។ កុមារជាច្រើនត្រូវបានចិញ្ចឹមដោយគ្រួសារអាមេរិក កាណាដា និងអឺរ៉ុបដែលទទួលយកពួកគេដោយគិតថ្លៃ៕










