ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ពលរដ្ឋថៃបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យព្រះសង្ឃ១អង្គ ដែលតែងតែនិមន្តបិណ្ឌបាត្រប្រាក់ពីពលរដ្ឋ ដើម្បីឱ្យដឹងថា តើជាព្រះសង្ឃពិតប្រាកដ ឬព្រះសង្ឃក្លែងក្លាយ ។ ក្រោយមក សមត្ថកិច្ចថៃក៏បានបន្លំខ្លួនជាពលរដ្ឋធម្មតាទៅរាប់បាត្រជាមួយព្រះសង្ឃដើម្បីឱ្យប្រាកដថា តើពិតដូចការលើកឡើងរបស់ពលរដ្ឋដែរឬទេ ។
ក្រោយពីសមត្ថកិច្ចថៃបន្លំខ្លួនទៅរាប់បាត្ររួចមក ព្រះសង្ឃក៏បានសូត្រធម៌ និងឱ្យពរថា ៖ «សូមឱ្យញ៉ោមជួបតែសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿង» ។ ប៉ុន្តែបើតាមស្តាប់ព្រះសង្ឃសូត្រធម៌ក្នុងអំឡុងពេលសមត្ថកិច្ចថៃរាប់បាត្រនោះ សមត្ថកិច្ចថៃឱ្យដឹងថា ព្រះអង្គសូត្រធម៌មិនដូចព្រះសង្ឃថៃទូទៅទេ ថែមទាំងមានសង្ឃដីកាមិនច្បាស់ទៀតផង ។ ហេតុនេះ ប៉ូលិសសន្និដ្ឋានថា ព្រះអង្គមិនមែនជាព្រះសង្ឃថៃទេ ពីព្រោះសំឡេងសូត្រធម៌មិនច្បាស់ និងខុសគ្នាដាច់ពីព្រះសង្ឃថៃ ។
នៅពេលព្រះសង្ឃសូត្រធម៌ចប់ សមត្ថកិច្ចប្រាប់ថា ពួកខ្ញុំគឺជាសមត្ថកិច្ចថៃ ហើយតើព្រះអង្គនិមន្តមកពីខាងណាវិញ ? ព្រះសង្ឃក៏ប្រាប់ថា មកពីប្រទេសកម្ពុជា ហើយបានមកគង់នៅក្នុងខ្ទមតូចមួយលើភ្នំ ។ បន្ទាប់មក សមត្ថកិច្ចក៏បានទៅពិនិត្យមើលទីតាំងស្នាក់នៅលើភ្នំតាមព្រះសង្ឃប្រាប់ ។ តាមការពិនិត្យខ្ទមនេះឃើញថា ព្រះសង្ឃអង្គនេះបានគង់ជាមួយព្រះសង្ឃ៤អង្គ ទៅ៥អង្គទៀត ព្រមទាំងមានសម្ភារៈប្រើប្រាស់ជាច្រើន, មានប្រាក់មួយចំនួន និងមានកន្លែងលេងបៀរទៀតផង ។
ព្រះសង្ឃប្រាប់ថា បានរស់នៅប្រទេសថៃអស់រយៈពេល២ឆ្នាំហើយ ខណៈព្រះសង្ឃខ្លះទៀតរស់នៅថៃរហូតដល់១០ឆ្នាំ ។ ព្រះសង្ឃបន្តថា នៅក្នុងខ្ទមលើភ្នំនេះ មិនមែនមានតែព្រះសង្ឃ៤អង្គ ទៅ៥អង្គនោះទេ គឺនៅមានច្រើនអង្គទៀត ប៉ុន្តែពួកគេបានរត់គេចខ្លួនអស់ ពេលដឹងថាសមត្ថកិច្ចថៃមកត្រួតពិនិត្យ ។
រីឯពលរដ្ឋថៃបានសរសើរពីការបំពេញការងាររបស់សមត្ថកិច្ចប្រចាំខេត្តឈុនបុរី ដែលបានបន្លំខ្លួនទៅរាប់បាត្រដើម្បីស៊ើបអង្កេតរកការពិត ។ ពលរដ្ឋនិយាយថា ព្រះសង្ឃចូលចិត្តដើរបិណ្ឌបាត្រប្រាក់ពីពលរដ្ឋ ហើយប្រាប់ថា យកប្រាក់ទៅជួយផ្នែកសាសនា ។ ហេតុនេះ ពលរដ្ឋក៏បានប្តឹងទៅសមត្ថកិច្ចឱ្យមកចាត់ការព្រះសង្ឃតែម្តង ។
ចុងក្រោយ សមត្ថកិច្ចថៃបានធ្វើការផ្សឹកព្រះសង្ឃទាំងអស់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារព្រះសង្ឃបានចូលមករស់នៅប្រទេសថៃខុសច្បាប់ និងគ្មានឯកសារអ្វីទាំងអស់ ៕










