ប្រទេសថៃ ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃរំពឹងថា ក្រុមហ៊ុន Tesla នឹងមកវិនិយោគផ្នែកដំឡើងរថយន្តនៅប្រទេសថៃនាពេលឆាប់ៗ ពីព្រោះមុននេះ លោកនាយករដ្ឋមន្ត្រីថៃបានជជែកពិភាក្សាគ្នាជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក ចំនួន២លើក ហើយលោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា ភាគីទាំងពីរមានទិសដៅស្របគ្នា ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter (ឬបណ្តាញសង្គម X) ថា លោកបានជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla រួចហើយ ពាក់ព័ន្ធនឹងការពេញនិយមរថយន្ត Tesla ប្រភេទ Cyber Truck និងភាពរឹងមាំរបស់វា បើទោះជាវាប៉ះទង្គិចនឹងអ្វីក៏ដោយ ។
រថយន្ត Tesla ប្រភេទ Cyber Truck គឺជារថយន្តដែលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានសាកល្បងជិះនៅរោងចក្រផលិតរថយន្ត ដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រីថៃសង្ឃឹមថា មិនយូរទេ ក្រុមហ៊ុន Tesla នឹងសម្រេចចិត្តមកវិនិយោគទុនផ្នែកដំឡើងរថយន្តនៅប្រទេសថៃ ។
លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលបន្តថា ចាប់តាំងពីលោក សេដ្ឋា ថាវីស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ លោកបានពិភាក្សាជាមួយក្រុមហ៊ុន Tesla ចំនួន២លើកហើយ ។ លោកបានពិភាក្សាជាមួយក្រុមហ៊ុននេះលើកទី១ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក សេដ្ឋា ថាវីស៊ីន ទៅចូលរួមកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីថៃបានប្រជុំតាមអនឡាញជាមួយលោក Elon Musk និងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla ហើយភាគីទាំងពីរបានពិភាក្សាអំពីថាមពលស្អាត និងយល់ស្របគ្នាធ្វើឱ្យពិភពលោកស្អាត និងឈានទៅរកអនាគតដ៏ល្អប្រសើរ ។
មន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា រដ្ឋាភិបាលថៃ និងក្រុមហ៊ុន Tesla មានទិសដៅដូចគ្នា ដោយផ្តល់ភាពសំខាន់ចំពោះពិភពលោក និងបរិស្ថាន ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏ល្អ ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងគាំទ្រ Tesla ឱ្យមកវិនិយោគនៅប្រទេសថៃ ហើយសង្ឃឹមថា Tesla នឹងចូលរួមវិនិយោគនៅប្រទេសថៃកាន់តែច្រើន» ៕










