ស្ត្រីភាគច្រើនតែងប្រឈមនឹងជំងឺរ៉ាំរ៉ៃទាំងនេះយ៉ាងងាយស្រួល ដោយសារផលអវិជ្ជមាននៃការរស់នៅ ឬការញ៉ាំអាហារប្រចាំថ្ងៃ។ ប៉ុន្តែនេះមិនមានន័យថាបុរសមិនប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃនោះទេ ពីព្រោះមនុស្សគ្រប់រូបសុទ្ធតែមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន គ្រាន់តែស្ត្រីអាចប្រឈមនឹងការវិវត្តន៍ច្រើនជាងបុរសប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះគឺជាជំងឺរ៉ាំរ៉ៃចំនួន ៥ ដែលស្ត្រីងាយនឹងប្រឈម៖
១.ជំងឺមហារីក៖ ក្រុមមហារីកដូចជា មហារីកសុដន់ មហារីកមាត់ស្បូន ឬមហារីកសួតគឺជាជំងឺដែលត្រូវបានរកឃើញចំពោះស្ត្រីច្រើនជាងបុរស។ ក្រុមនៃជំងឺនេះបណ្តាលមកពីកត្តាហ្សែន អរម៉ូន មេរោគ ការរួមភេទ ការជក់បារី និងការរស់នៅប្រចាំថ្ងៃ។ វាត្រូវបានគេរកឃើញនៅក្នុងស្ត្រីវ័យកណ្តាលដែលមានអាយុប្រហែល ៥០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅគួរតែចាប់ផ្តើមពិនិត្យសុដន់ដោយខ្លួនឯងជានិច្ច។
២.ជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹង គឺជាជំងឺមួយដែលឆ្អឹងខ្សោយ ផុយស្រួយ និងងាយបាក់។ យោងតាមអង្គការសុខភាពពិភពលោកបានរាយការណ៍ បច្ចុប្បន្ននេះស្ត្រីជាង ២០០ លាននាក់នៅជុំវិញពិភពលោកកើតជំងឺពុកឆ្អឹង ដោយភាគច្រើនជាស្ត្រីដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនដែលកើតឡើងអំឡុងពេលអស់រដូវ នាំឱ្យបាត់បង់ម៉ាសឆ្អឹង ហើយស្ត្រីក៏មានហានិភ័យខ្ពស់ជាងបុរសផងដែរ។
៣.ជំងឺទឹកនោមផ្អែម៖ គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងចំពោះស្ត្រីច្រើនជាងបុរស ដោយសារកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលកត្តាខាងក្នុងរួមមាន អរម៉ូន ការមានផ្ទៃពោះ និង ហ្សែន។ កត្តាខាងក្រៅរួមមាន មិនធ្វើលំហាត់ប្រាណ ការទទួលទានអាហារមិនមានសុខភាពល្អជាដើម។
៤.ជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា អត្រានៃអ្នកជំងឺដែលមានអាយុពី ៣៥-៥៤ ឆ្នាំមកទទួលការព្យាបាលមានការកើនឡើងពី ២១% ទៅ ៣១% ដែលចំនួននេះបង្ហាញថាស្ត្រីចាប់ផ្តើមកើតជំងឺបេះដូងកាន់តែច្រើន។ ចំពោះមូលហេតុនៃជំងឺបេះដូង រួមមាន ជំងឺលើសឈាម ស្ត្រេស និងធាត់។
៥.ជំងឺបាក់ទឹកចិត្ត៖ គឺជាជំងឺដែលបណ្តាលមកពីភាពតានតឹង ហើយភាគច្រើនតែងកើតឡើងទៅលើស្ត្រីជាងបុរស មូលហេតុដែលស្ត្រីងាយនឹងកើតជំងឺទាំងនេះ គឺដោយសារកត្តាអ័រម៉ូន និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀត ដូចជាការរើសអើង អំពើហឹង្សាផ្លូវភេទ ផ្លូវកាយ ឬសូម្បីតែបរិបទសង្គម កត្តាទាំងអស់នេះបណ្តាលឱ្យមានភាពតានតឹង ហើយអាចនាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ៕










