ប្រទេសថៃ ៖ បរិយាកាសពិធីជប់លៀងស្វាប្រចាំឆ្នាំនៅខេត្តលុបបុរី ប្រទេសថៃ ពោរពេញទៅដោយសភាពអ៊ូអរ ខណៈភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេសជាច្រើននាក់បានធ្វើដំណើរមកចូលរួមក្នុងពិធីនេះ ។ ប៉ុន្តែពលរដ្ឋ និងអ្នកប្រកបអាជីវកម្មនៅក្នុងតំបន់បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់ដោយសារសត្វស្វា ។
ពិធីជប់លៀងស្វានៅឆ្នាំ២០២៣ គឺជាពិធីជប់លៀងបុហ្វេ ដើម្បីឱ្យស្វាមានអាហារស៊ីគ្រប់គ្រាន់ ។ គេបានរៀបចំអាហាររហូតដល់១០មុខ ក្នុងនោះមានបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដូចជា ស្ពៃ, ទុរេន, ឪឡឹក និងទំពាំងបាយជូរ ។ លើសពីនេះ ក៏មានទឹកផ្លែឈើ និងនំថៃមួយចំនួនទៀតដែលស្វាចូលចិត្តស៊ីទៀតផង ។
អ្នកស្រី គ្រីស វៀល ជាភ្ញៀវទេសចរបរទេសនិយាយថា ៖ «ពួកស្វាចូលចិត្តស៊ីស្វាយជាងគេ គឺលំដាប់ទី១» ។ រីឯលោក ខេតធី វៀល ជាស្វាមីរបស់អ្នកស្រី គ្រីស វៀល និយាយថា ៖ «ខ្ញុំគិតថា ផ្លែចេក គឺលំដាប់ទី២ បន្ទាប់មក តាសក់ ។ បើពួកស្វាធំៗមិនចូលចិត្តស៊ីផ្លែឈើណាមួយ ពួកវានឹងទុកផ្លែឈើនោះនៅខាងៗ ហើយបណ្តោយឱ្យស្វាតូចៗស៊ី» ។
ពិធីជប់លៀងស្វា ត្រូវបានគេរៀបចំឡើងនៅថ្ងៃអាទិត្យ ក្នុងសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំ២០២៣ គេបានរៀបចំពិធីជប់លៀងស្វាចំនួន៤ពេល រួមមាន ៖ នៅវេលាម៉ោង១០ព្រឹក, ម៉ោង១២ថ្ងៃត្រង់, ម៉ោង២រសៀល និងម៉ោង៤ល្ងាច ។ ចំណែកការចំណាយប្រាក់សម្រាប់រៀបចំពិធីជប់លៀងស្វា គឺស្មើប្រមាណ៣សែនបាត ។
ពិធីជប់លៀងស្វានៅខេត្តលុបបុរី គឺជាវិធានការមួយដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសថៃ ព្រមទាំងផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាជំរុញអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ ។
នៅពេលរដ្ឋាភិបាលថៃព្យាយាមរៀបចំកម្មវិធីផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែពលរដ្ឋរស់នៅក្នុងតំបន់បានបង្ហាញការបារម្ភអំពីចំនួនស្វាកើនឡើង ដោយសារប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ។ គេបានព្យាយាមពន្យារកំណើតស្វា ដើម្បីដោះស្រាយបញ្ហាចំនួនស្វាកើនឡើងតាំងពីឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែស្វាទាំងនេះពុំបានថយចុះទេ ។
លោក ផុងសាថន ក្រងឡាំជីក ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនក្នុងតំបន់និយាយថា ៖ «ពេលខ្លះ អតិថិជនមិនហ៊ានមកទេ ព្រោះពួកគេខ្លាចស្វាដណ្តើមរបស់របរ ។ យើងរងផលប៉ះពាល់ខ្លាំងណាស់ ប៉ុន្តែយើងត្រូវយល់ព្រមទទួលយកនូវស្ថានភាពបែបនេះ ។ យើងដឹកភ្ញៀវតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន យើងនៅតែរងផលប៉ះពាល់ដដែល» ៕