ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមជាច្រើននាក់នៅប្រទេសថៃ និងប្រទេសជិតខាងបានរិះគន់ពីទង្វើរបស់អាជ្ញាធរថៃមួយក្រុម ដែលបានប្រើវិធីគ្រោះថ្នាក់ដើម្បីឆែកឆេររកពលករបរទេសខុសច្បាប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។ វីដេអូមួយដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គម TikTok គេបានឃើញអាជ្ញាធរថៃយកដែកមុតស្រួចចាក់ទម្លុះចូលក្នុងបន្លែដឹកតាមរថយន្ត ដើម្បីពិនិត្យរកមើលក្រែងមានពលករខុសច្បាប់សម្ងំលាក់ខ្លួនក្នុងនោះ ។
អាជ្ញាធរថៃបាននាំគ្នាត្រួតពិនិត្យរថយន្តដឹកបន្លែ១គ្រឿង ដោយពួកគេបានប្រើដែកស្រួចចាក់តាមចំណុចផ្សេងៗរបស់បន្លែជាច្រើនលើក ដើម្បីស្វែងរកទំនិញខុសច្បាប់ និងពលករបរទេសលួចចូលមកប្រទេសថៃ ។ បន្ទាប់ពីឃើញពួកគេប្រើប្រាស់ដែកចាក់ទម្លុះចូលក្នុងបន្លែបែបនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់រិះគន់ថា បើពិនិត្យហើយរកមិនឃើញទំនិញខុសច្បាប់ ឬគ្មានពលករខុសច្បាប់ទេនោះ តើការខូចខាតទំនិញទាំងអស់ក្នុងរថយន្ត អ្នកណាទទួលខុសត្រូវ?
អ្នកលេងបណ្តាញសង្គមថៃនិយាយថា ការត្រួតពិនិត្យតាមវិធីនេះគ្រោះថ្នាក់ខ្លាំង និងជ្រុលហួសហេតុពេក ព្រោះវាបណ្តាលឱ្យខូចខាតទំនិញក្នុងរថយន្ត ។ ជនជាតិថៃម្នាក់និយាយថា ៖ «តម្លៃទំនិញថ្លៃ ហើយអាជ្ញាធរអាចចេញថ្លៃខូចខាតបានដែរឬទេ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ការត្រួតពិនិត្យបែបនេះធ្ងន់ធ្ងរណាស់» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «សាហា.វណាស់ តើនៅក្នុងខ្លួនមានភាពជាមនុស្សដែរឬទេ?» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «បើមានមនុស្សនៅក្នុងនោះ តើពួកគេនឹងក្លាយទៅជាយ៉ាងណា?» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «អាជ្ញាធរគួរតែមានវិធីល្អជាងនេះ» ។
រីឯជនជាតិថៃម្នាក់ទៀតថា ៖ «សូមសរសើរនូវការបំពេញការងាររបស់អាជ្ញាធរថៃ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ឆ្លាតណាស់ អាជ្ញាធរថៃ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ប្រសើរណាស់ តើមានអ្នកស្រែកទេ?» ។ ជនជាតិថៃម្នាក់ទៀត ៖ «ការត្រួតពិនិត្យបែបនេះ គឺជាវិធីល្អបំផុតហើយ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រថយន្តខ្លះបានលាក់ពលករបរទេសនៅខាងក្នុង ទើបត្រូវត្រួតពិនិត្យតាមវិធីនេះ» ។
ទោះយ៉ាងណា ក្រោយពីមានការរិះគន់ក្នុងបណ្តាញសង្គម អាជ្ញាធរថៃបញ្ជាក់ថា ក្រោយការត្រួតពិនិត្យរថយន្តនេះ ពួកគេចាប់បានពលករបរទេសខុសច្បាប់ចំនួន២៦នាក់ដែលលួចចូលមកប្រទេសថៃ ប៉ុន្តែពួកគេពុំបានបញ្ជាក់ថា ពលករទាំងនេះមកពីប្រទេសណាខ្លះទេ ៕










