កូរ៉េខាងត្បូង៖ សមាជិកក្រុមកំពូលរបស់កូរ៉េខាងត្បូងបួននាក់គឺ RM, Jimin, V និង Jung Kook បានចាប់ផ្តើមចូលបម្រើការងារយោធាក្នុងខែធ្នូ ឆ្នាំ២០២៣នេះ នឹងបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ ២០២៥។
យោងតាមប្រភពព័ត៌មាន The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា Jung Kook ដែលជាសមាជិកក្រុមកំពូល K-Pop BTS បាននិយាយថា គាត់នឹងចាប់ផ្តើមចូលបម្រើយោធាក្នុងខែធ្នូ។ បន្ទាប់មកទីភ្នាក់ងារគ្រប់គ្រងរបស់ក្រុមនេះបាននិយាយផងដែរថា សមាជិក BTS ទាំងអស់បច្ចុប្បន្នកំពុងស្ថិតនៅលើផ្លូវដើម្បីបំពេញមុខងាររបស់ពួកគេ។
BTS មានសមាជិកសរុបចំនួន ៧ នាក់ ខណៈដែលសមាជិក ៣ នាក់ទៀតគឺ Jin, J-hope, និង SUGA សព្វថ្ងៃនេះកំពុងបំពេញកាតព្វកិច្ចយោធារបស់ប្រទេសកូរ៉េខាងត្បូង។ ភ្នាក់ងារគ្រប់គ្រងរបស់ BTS បាននិយាយថា សមាជិកបួននាក់ដែលនៅសល់គឺ RM, Jimin, V និង Jung Kook ឥឡូវនេះក៏បានចាប់ផ្តើមដំណើរការចុះឈ្មោះយោធាផងដែរ។ ដូច្នេះហើយ សមាជិកទាំងប្រាំពីររបស់ BTS ត្រូវបានគេរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេនៅពាក់កណ្តាលឆ្នាំ ២០២៥។
គួរបញ្ជាក់ដែរថា នៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ១៩៥៧ មានច្បាប់មួយតម្រូវឱ្យពលរដ្ឋប្រុសអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំត្រូវតែបំពេញកាតព្វកិច្ចយោធា។ ចំណែកឯស្ត្រីវិញមិនតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាទេ ប៉ុន្តែពួកគេអាចចូលបម្រើយោធាដោយស្ម័គ្រចិត្តបាន។ សម្រាប់តារា K-POP វិញជាទូទៅតម្រូវឱ្យបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំគឺចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ៕










