ថ្មីៗនេះអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលច្រៀងចម្រៀងអកកេះប្រើពាក្យពេចន៍មិនសមរម្យ មាក់ងាយតម្លៃជាស្ត្រី កែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្តាញអ៊ីនធឺណិតមានការខឹងសម្បារយ៉ាងខ្លាំង។

កាលពីថ្ងៃ២១ ខែវិច្ឆិកា យោងទៅតាមគណនីយ Facebook មួយបានបង្ហោះវីដេអូ ដោយមានអ្នកចែករំលែកជាង១.៦ ពាន់នាក់។ ក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា មាននារីវ័យក្មេងម្នាក់បានយកបទចម្រៀងជំនាន់ដើមមកច្រៀងលើឆាកអកកេះ ដែលមានចំនងជើងថា “ខ្ញុំយកប្តីក្មេង” ដែលម្ចាស់សំនៀងដើមគឺជាអតីតតារាចម្រៀងសំឡេងមាស លោកយាយប៉ែន រ៉ន។

នៅក្នុងបទចម្រៀងនេះដែរ នារីច្រៀងលើឆាកអកកេះនោះបានកែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម ក៏ដូចជាបន្ថែមពាក្យពេចន៍អសុរសចូលទៅក្នុងបទចម្រៀង ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្តាញអ៊ីនធឺណិតមានការខឹងសម្បារយ៉ាងខ្លាំង និងបានបញ្ចេញមតិរិះគន់យ៉ាងជះដៃទៅលើនារីអកកេះម្នាក់នោះ។
ដោយមានអ្នកខ្លះក៏បញ្ចេញមតិថា “គិតទៅមនុស្សយើងឆ្កួតអស់ព្រោះតែដុល្លារព្រោះតែលុយឡើងលែងស្គាល់សីលធម៌វប្បធម៌អស់ហើយ” និងអ្នកខ្លះបានបញ្ចេញមតិថា “បើសិនជាខ្ញុំជាម្ចាស់កម្មវិធី ខ្ញុំនឹងដេញឱ្យចុះពីលើឆាកភ្លាមៗ” រីឯអ្នកខ្លះទៀតក៏ខំមិនថា នាងគួរតែទទួលបានរង្វាន់អ្វីមួយពីក្រសួង ដែលគេធ្លាប់និយាយថាដុសក្អែលឬក៏វាស់កម្ពស់។ ចំណែកឯអ្នកខ្លះទៀតក៏បានបញ្ចេញមតិថា ច្រៀងដូចឡប់ ថ្មីរហូត ចេះច្រៀងទៅរួច ច្រៀងគ្មានសីលធម៌គ្មានការអប់រំ…។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកនិយមលេងបណ្តាញសង្គមកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ដោយបច្ចុប្បន្នមិនទាន់មានព័ត៌មានជាក់លាក់ណាមួយអំពីមូលហេតុដែលនារីម្នាក់នោះច្រៀងចម្រៀងកែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម និងប្រើពាក្យពេជ្រមិនសមរម្យ៕