អ្នកលេងបណ្តាញសង្គមបានពោលសរសើរ ជូលី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Cambodia 2023 ថាបានមួយចប់មិនថាការសម្តែង ច្រៀង រាំ ជាបវរកញ្ញា ខណៈថ្មីនេះៗ រំលេចខ្លួនយ៉ាងស្រស់ស្អាតធ្វើជាពិធីការិនីជាលើកដំបូងនៅក្នុងកម្មវិធីបវរកញ្ញាមួយប្រកបដោយភាពជឿជាក់និងមានទំនុកចិត្ត។
នៅក្នុងវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងហើយវីដេអូនោះជាវីដេអូដែល ជូលី ល្អហួស វិវត្តន៍ខ្លួនជាពិធីការិនីនៅក្នុងការប្រកួតបវរកញ្ញា Miss Teen Cambodia 2024 ក្នុងវគ្គAudition និង Miss Earth Cambodia 2024 វគ្គ ប្រកួតបឋមដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ វិច្ឆិកា កន្លងទៅនេះ។ ក្នុងវីដេអូខ្លីនោះផងដែរ ល្អហួស បាននិយាយប្រកបដោយភាពស្វាហាប់ទោះបីជាវ័យក្មេងហើយទើបប្រឡូកអាជីពនេះលើកដំបូងក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមពោលសរសើរនាងមិនដាច់ពីមាត់។
លើសពីនេះទៅទៀត សម្រស់បវរកញ្ញានិងជាពិធីការិនីថ្មីថ្មោងរូបនេះបានឆាបឆក់បេះដូងមនុស្សម្នាជាច្រើនជាមួយការតុបតែងខ្លួនដ៏ស្រស់ស្អាតតាមបែប Queen របស់ល្អហួស។
អ្នកលេងបណ្តាញសង្គមសរសើរ ល្អហួស ថា «គ្រប់ទម្រង់,ល្អទាំងឈ្មោះ ល្អទាំងរូបសម្បត្តិ, ល្អអីល្អយ៉ាងនេះ, ល្អដូចឈ្មោះណាស់,ឈ្មោះក៏ពីរោះសំឡេងទាក់ចិត្តបេះដូង,ពិតជា ល្អហួសមែន,ពិតជាសមនឹងឈ្មោះមែន,ស្អាត ឆ្លាត ណាស់ ល្អហួស…រួមទាំងមតិសរសើរជាច្រើនទៀត»។
គួរបញ្ជាក់ថា ជូរី ល្អហួស បានគ្រងមកុដ Miss Preteen Cambodia 2023 កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខណៈបវរកញ្ញាវ័យក្មេងរូបនេះនឹងត្រៀមតំណាងប្រទេសកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅឯប្រទេសថៃក្នុងកម្មវិធីMiss Preteen junior Idol world ៕










