នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវេទិកាពិភាក្សាស្តីពី គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហើបគម្រោងត្រៀមបញ្ឈប់ការនាំចូលគ្រឿងម៉ាសុីន និងឧបករណ៍អគ្គិសនីដែលសុីភ្លើងច្រើន ចូលមកកម្ពុជា។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល រូបនេះបានលើកឡើងថា៖”ចំពោះគ្រឿងអេឡិចត្រនិចមួយចំនួនដែលស៊ីភ្លើងច្រើនដូចជាម៉ាស៊ីត្រជាក់ និងទូទឹកកកម៉ូតចាស់ៗមួយចំនួនដែលត្រូវប្រើអគ្គិសនីច្រើន នោះក្រសួងនឹងបិទមិនឱ្យមានការនាំចូលទៀតនោះទេ”។
ឧត្តម កែវ រតនៈ ក៏បានសង្កត់ធ្ងន់ថា៖”ការលើកឡើងនូវគំនិតផ្តួចផ្តើមក្នុងការសន្សំសំចៃអគ្គិសនីនេះ ព្រោះកម្ពុជាមានគោលដៅពី ២០២៣ ដល់ឆ្នាំ២០៣០ ដោយកម្ពុជាចង់សន្សំថាមពលអគ្គិសនីក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់”។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលពន្យល់ទៀតថា បើសិនកម្ពុជាអាចសន្សំសំចៃថាមពលអគ្គិសនីបានក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់ នោះកម្ពុជាមិនចាំបាច់ចំណាយលុយសាងសង់វារីអគ្គិសនី ឬថាមពលរដ្ឋព្រះអាទិត្យអ្វីទៀតនោះទេ។ ជាមួយគ្នានេះការដែលអាចសន្សំសំចៃអគ្គិសនីទុកសម្រាប់ប្រើប្រាស់បែបនេះ មានន័យថា កម្ពុជាមិនបាច់ធ្វើការអភិវឌ្ឍន៍លើការសាងសង់ទំនប់វារីអគ្គិសនីដែលអាចធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិបន្តទៀត៕










