ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៩៨ ក្នុងចំណោមប្រទេសចំនួន ១១៣ សម្រាប់ជំនាញភាសាអង់គ្លេសរបស់មនុស្សពេញវ័យទូទាំងពិភពលោក ខណៈប្រទេសថៃជាប់លេខ ១០១ ផ្នែកភាសាអង់គ្លេស។
យោងតាមគេហទំព័រ EF Education First នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានប្រកាសចំណាត់ថ្នាក់សន្ទស្សន៍ជំនាញភាសាអង់គ្លេសរបស់ EF EPI នៅក្នុងប្រទេស និងដែនដីចំនួន ១១៣។ ក្នុងនោះ ១២ ប្រទេសមានកម្រិតជំនាញភាសាអង់គ្លេសខ្ពស់ខ្លាំង (៦០០-៨០០ពិន្ទុ) រីឯ ១៨ ប្រទេសទៀតមានកម្រិតជំនាញខ្ពស់ (៥៥០-៥៩៩ពិន្ទុ) ចំណែកឯ ៣៣ ប្រទេសមានកម្រិតជំនាញមធ្យម (៥០០-៥៤៩ពិន្ទុ) រួមទាំង ២៧ ប្រទេសទៀតមានកម្រិតជំនាញទាប (៤៥០-៤៩៩ ពិន្ទុ) និង ២២ ប្រទេសទៀតមានកម្រិតអង់គ្លេសទាបណាស់ (ក្រោម ៤៥០ ពិន្ទុ)។
ដូច្នេះ ប្រទេសកម្ពុជាទទួលបាន ៤២១ ពិន្ទុលើពិភពលោកក្នុងឆ្នាំនេះ ដោយស្ថិតនៅក្នុងកម្រិតភាសាអង់គ្លេសទាបណាស់។ ខណៈសិង្ហបុរីបន្តនាំមុខគេ ហើយជាប់ចំណាត់ថ្នាក់លេខ ២ ជុំវិញពិភពលោកដោយមាន ៦៣១ ពិន្ទុ និងហ្វីលីពីន ម៉ាឡេស៊ីស្ថិតក្នុងកម្រិតខ្ពស់។ វៀតណាមស្ថិតក្នុងកម្រិតមធ្យម និងថៃស្ថិតនៅក្នុងកម្រិតភាសាអង់គ្លេសទាបណាស់ជាមួយពិន្ទុត្រឹមតែ ៤១៦។
យោងតាមការវាយតម្លៃរបស់ EF បានឱ្យដឹងថា បច្ចុប្បន្នសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសក្នុងចំណោមមនុស្សពេញវ័យនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ីបូព៌ាបានថយចុះបន្តិច ដោយសារតែចម្ងាយនយោបាយ ការផ្លាស់ប្តូរប្រជាសាស្រ្ត និងសំណួរអំពីឥទ្ធិពលនៃវប្បធម៌លោកខាងលិចមកលើការអប់រំ។
នៅលើមាត្រដ្ឋានពិភពលោក ប្រទេសហូឡង់រក្សាបានចំណាត់ថ្នាក់លេខ ១ ក្នុងជំនាញភាសាអង់គ្លេសដោយមាន ៦៤៧ ពិន្ទុ។ ដូច្នេះ អឺរ៉ុបនៅតែជាទ្វីបដែលប្រើប្រាស់ភាសាអង់គ្លេសបានល្អបំផុតនៅលើពិភពលោក។ បន្ថែមពីលើចំណាត់ថ្នាក់ EF ក៏បានវាយតម្លៃថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ នៅទូទាំងពិភពលោក សមត្ថភាពភាសាអង់គ្លេសរបស់បុរសមានភាពប្រសើរឡើង ខណៈដែលស្ត្រីមានការថយចុះបន្តិច។
ក្នុងចំណាត់ថ្នាក់ទាំងអស់នេះ គឺផ្អែកលើលទ្ធផលតេស្តភាសាអង់គ្លេសស្តង់ដារ EF SET របស់មនុស្សពេញវ័យ ២.២ លាននាក់ក្នុងឆ្នាំ ២០២២។ នេះគឺជាការសាកល្បងភាសាអង់គ្លេសតាមអ៊ីនធឺណិតនៃជំនាញអាន និងស្តាប់ ដែលមានលក្ខណៈស្តង់ដារ និងរចនាឡើងដើម្បីចាត់ថ្នាក់សមត្ថភាពភាសា។ បេក្ខជនត្រូវបានគេវាយតម្លៃនៅកម្រិតជំនាញមួយក្នុងចំណោមកម្រិតជំនាញទាំងប្រាំមួយដោយផ្អែកលើក្របខ័ណ្ឌយោងទូទៅរបស់អឺរ៉ុប (CEFR)។
គួរបញ្ជាក់ដែរថា EF Education First គឺជាអង្គការសិក្សាដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានឯកទេសក្នុងការផ្តល់នូវការសិក្សានៅបរទេស ការរៀនភាសា និងកម្មវិធីផ្លាស់ប្តូរវប្បធម៌៕










