បរទេស៖ កូរ៉េខាងជើងបានរិះគន់ផែនការរបស់អាមេរិកក្នុងការលក់មីស៊ីលទៅឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយហៅវាថាជាទង្វើដ៏គ្រោះថ្នាក់ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។
យោងតាមគេហទំព័រ SCMP News ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកាថាថ្មីៗនេះថា កូរ៉េខាងជើងនឹងពង្រឹងវិធានការដើម្បីបង្កើតការរារាំង ក៏ដូចជាឆ្លើយតបទៅនឹង “អស្ថិរភាពក្នុងតំបន់ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត”។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា “យើងព្រមានថាប្រាក់ចំណេញកាន់តែច្រើនរបស់សហរដ្ឋអាមេរិកពីការលក់អាវុធដោយមិនរើសអើង វានឹងត្រូវចំណាយកាន់តែច្រើនសម្រាប់វិបត្តិសន្តិសុខ” ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងក្នុងបរិបទនៃផែនការរបស់ប្រទេសជប៉ុនក្នុងការទិញមីស៊ីល Tomahawk ចំនួន ៤០០ គ្រាប់ពីសហរដ្ឋអាមេរិក ដែលជាផ្នែកនៃផែនការពង្រឹងសមត្ថភាពយោធាដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់មីស៊ីល Tomahawk ពីរប្រភេទទៅឱ្យប្រទេសជប៉ុន ដែលមានតម្លៃសរុបប្រហែល ២.៣៥ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសជប៉ុនមិនទាន់មានកាំជ្រួចមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយនៅឡើយទេ ពីសហរដ្ឋអាមេរិក។
ថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល Sidewinder និង SM-6 Block I ដែលជាអាវុធតែមួយគត់របស់ទីក្រុងវ៉ាស៊ីនតោន ដែលអាចស្ទាក់ចាប់ក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង ទៅកាន់កូរ៉េខាងត្បូង ។
ដូច្នេះហើយ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើងបានរិះគន់ “ការគំរាមកំហែងផ្នែកយោធា” ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ពួកគេនឹងបង្ហាញ “សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លា និងលើសលប់” ជាការឆ្លើយតប។ កូរ៉េខាងជើងក៏បានចោទអាមេរិកពីកិច្ចព្រមព្រៀងលក់សព្វាវុធដែលអាចនាំឱ្យមានការប្រណាំងសព្វាវុធថ្មី។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានប្រកាសថាខ្លួនបាន សាកល្បង ដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងដែលមានកម្លាំងខ្ពស់សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ (IRBM) ដែលទីក្រុងព្យុងយ៉ាងនិយាយថា ចាំបាច់ដើម្បីបង្កើនសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្ររបស់យោធាក្រុម។ IRBMs គឺជាមីស៊ីលផ្លោងដែលមានចម្ងាយពី 3,000-5,500 គីឡូម៉ែត្រ ដែលស្ថិតនៅចន្លោះកាំជ្រួចផ្លោងរយៈចម្ងាយមធ្យម និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕