ការសិក្សាពិតជាគ្មានដែនកំណត់! អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីមានការផ្សព្វផ្សាយថាដូនចាស់វ័យ៨២ឆ្នាំម្នាក់ឈ្មោះថា Kim Jeong-ja បានដើរចូលទៅក្នុងវិទ្យាល័យ Seoul Girls’ High School ក្នុងទីក្រុង Mapo ភាគខាងលិចទីក្រុងសេអ៊ូលកាលពីថ្ងៃទី១៦ វិច្ឆិកា ដើម្បីធ្វើតេស្តសមត្ថភាពសិក្សានៅមហាវិទ្យាល័យ។ លោកយាយ Kim ជាបេក្ខជនចំណាស់បំផុតដែលបានប្រឡងចូលសាកលវិទ្យាល័យនៅឆ្នាំនេះក្នុងប្រទេសកូរ៉េ។

ដូនចាស់ Kim Jeong-ja កើតនៅឆ្នាំ១៩៤១ ក្នុងប្រទេសជប៉ុនដោយបានផ្លាស់ទៅ Masan ភាគខាងត្បូង Gyeongsang បន្ទាប់ពីប្រទេសកូរ៉េត្រូវបានរំដោះចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន។ ទោះយ៉ាងណាក៏ដោយ សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅឆ្នាំ ១៩៥០ ធ្វើឱ្យលោកយាយមិនទទួលបានការអប់រំនោះទេទោះបីក្រោយបញ្ចប់សង្គ្រាមក៏ដោយ ព្រោះតែជាកូនច្បងក្នុងចំណោមកូន៨នាក់ស្ថិតក្នុងគ្រួសារក្រីក្រ។

យ៉ាងណាមិញ លោកយាយ Kim បានចាប់ផ្តើមរៀនសាជាថ្មីបន្ទាប់ពីកូនរបស់លោកយាយធំពេញវ័យ។ លោកយាយបានចាប់ផ្តើមចូលរៀននៅវិទ្យាល័យ Ilsung Women’s High School ក្នុងទីក្រុង Mapo កាលពីប្រាំឆ្នាំមុន ហើយមិនបានខកខានលើការសិក្សានោះទេ។

ដំបូងឡើយលោកយាយមិនអាចសរសេរឈ្មោះខ្លួនឯងជាភាសាកូរ៉េបាន លុះក្រោយមកលោកយាយអាចសរសេរកំណាព្យ ហើយពេលនេះក៏បានសិក្សាភាសាអង់គ្លេសដើម្បីទំនាក់ទំនងជាមួយចៅរបស់លោកដែលរស់នៅសហរដ្ឋអាម៉េរិក។ ការដែលលោកយាយ Kim សម្រេចចិត្តប្រលងចូលមហាវិទ្យាល័យព្រោះតែកត្តាមួយនេះដូចគ្នាដោយសង្ឃឹមថានឹងរៀនភាសាអង់គ្លេសនៅមហាវិទ្យាល័យ ដើម្បីអាចទំនាក់ទំនងជាមួយចៅនៅក្រៅប្រទេសបាន។

នៅពេលបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍កាលពី ៤ ឆ្នាំមុនលោកយាយ Kim បាននិយាយថាលោកយាយយំនៅឯព្រលានយន្តហោះនៅពេលដែលកូនស្រីរបស់ខ្លួនកំពុងចាកចេញទៅសហរដ្ឋអាម៉េរិក។ លោកយាយមិនឃើញច្រកចេញដំណើរទេព្រោះតែមិនចេះអក្សរ។

ការប្រឡងចូលសាកលវិទ្យាល័យនៅកូរ៉េត្រូវបានគេចាត់ទុកថាជាការប្រឡងដ៏លំបាកបំផុតមួយ។ ប្រទេសទាំងមូលបានកែសម្រួលប្រតិបត្តិការដើម្បីកំណត់អាទិភាពបេក្ខជន៖ ចរាចរណ៍ជុំវិញកន្លែងប្រឡងត្រូវបានតម្រូវឱ្យដាក់កម្រិតសំឡេងរំខាន អាជីវកម្មក្នុងតំបន់ និងផ្សារហ៊ុនបានបើកយឺតជាងធម្មតា ហើយជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ប៉ូលិសទទួលខុសត្រូវក្នុងការជួយបេក្ខជនដែលមកយឺត ខណៈក្នុងរយៈពេល ៨ម៉ោង បេក្ខជននឹងឆ្លងកាត់ការធ្វើតេស្តជាច្រើនដូចជា ភាសាកូរ៉េ គណិតវិទ្យា ភាសាអង់គ្លេស ប្រវត្តិកូរ៉េ ភាសាបរទេសទីពីរ ឬអក្សរចិន៕82-year-old grandmother takes this year's Korean college entrance exam