បរទេស៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសគ្រប់ទីកន្លែងដែលពួកគេរកឃើញ រួមទាំងនៅតំបន់ហ្គាហ្សាភាគខាងត្បូងផងដែរ។
យោងតាមឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា “យើងនឹងប្តេជ្ញាបង្កើនយុទ្ធនាការរបស់យើងទៅគ្រប់ទីកន្លែងដែលក្រុមហាម៉ាសមាន ក៏ដូចជានៅទូទាំងតំបន់ហ្កាហ្សាផងដែរ” ។ លោក Hagari បានបន្តទៀតថា “ប្រតិបត្តិការនេះនឹងប្រព្រឹត្តទៅតាមពេលវេលា ទីកន្លែង និងក្រោមលក្ខខណ្ឌល្អបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល”។
កន្លងមក កងទ័ពអាកាសអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណនៅតំបន់ភាគខាងកើតនៃទីក្រុង Khan Younis និងភាគខាងត្បូងតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលជ្រកកោនកន្លែងផ្សេងៗដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
ទាក់ទងនឹងខិត្តប័ណ្ណដែលរាយប៉ាយនៅភាគខាងកើតនៃទីក្រុង Khan Younis លោក Mark Regev ជំនួយការនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងត្រូវចូលទៅកាន់ទីក្រុងដើម្បី “បណ្តេញសមាជិកក្រុមហាម៉ាសចេញពីផ្លូវរូងក្រោមដី និងបន្ទាយក្រោមដី”។ យោងតាមលោក Regev ក៏បានបន្តទៀតថា បច្ចុប្បន្ន “យើងកំពុងស្នើសុំឱ្យមនុស្សគ្រប់គ្នាជម្លៀសចេញពីទីនេះដើម្បីធានាសុវត្ថិភាពរបស់ពួកគេ”។
អ្នកនាំពាក្យ IDF ក៏បាននិយាយផងដែរថា ថ្មីៗនេះទាហានអ៊ីស្រាអែលបានបន្តស្វែងរកតំបន់មន្ទីរពេទ្យ Al-Shifa នៅភាគខាងជើងនៃទីក្រុង Gaza ។ លោក Hagari បាននិយាយថា “យើងបានរកឃើញរចនាសម្ព័ន្ធក្រោមដីបន្ថែមទៀត ហើយកំពុងប្រមូលព័ត៌មានទាំងអស់អំពីចំណាប់ខ្មាំង”។ ដូច្នេះបច្ចុប្បន្ន “ទាហានអ៊ីស្រាអែលកំពុងស៊ើបអង្កេតផ្លូវរូងក្រោមដីដែលបានរកឃើញនៅលើមូលដ្ឋានមន្ទីរពេទ្យនៃតំបន់ហ្កាហ្សា”។
គួរបញ្ជាក់ដែរថា នៅចុងខែតុលា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹងតំបន់ Gaza ក្នុងការសងសឹកចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានប្រកាសថា អ៊ីស្រាអែល “បានខិតជិតដល់គោលដៅរបស់ខ្លួនក្នុងការបំផ្លាញប្រព័ន្ធយោធារបស់ពួកហាម៉ាសនៅភាគខាងជើងហ្គាហ្សា ហើយនឹងបន្តតាមប្រមាញ់ ក៏ដូចជាចាប់សមាជិកក្រុមហាម៉ាសរហូតទាល់តែបាន”៕