ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ប៉ូលិសស៊ើបអង្កេតប្រចាំខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អៃ អាយុ៣៣ឆ្នាំ ដោយសារបុរសនេះបានយកប្រេងសាំងស្រោចលើរថយន្តអ្នកដទៃ និងដុតអស់ចំនួន២គ្រឿង ។ បុរសឈ្មោះ អៃ សារភាពថា ខ្លួនគ្មានទំនាស់អ្វីជាមួយម្ចាស់រថយន្តទេ ប៉ុន្តែខ្លួនតានតឹងផ្លូវចិត្តខ្លាំងពេកដោយសារចាញ់ល្បែង ទើបដុតរថយន្តលេង ។
ហេតុការណ៍ដុតរថយន្តនេះបានកើតឡើងតាំងពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មកម៉្លេះ នៅត្រង់បរិវេណមុខខុនដូមួយកន្លែងក្នុងឃុំប្លួកឌែង ស្រុកប្លួកឌែង ខេត្តរ៉ាក់យ៉ង ។ ក្រោយមក ម្ចាស់រថយន្តបានទៅដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិសស្រុកប្លួកឌែង ខេត្តរ៉ាក់យ៉ង ហើយលោកវរសេនីយ៍ទោ Chaiphong Saengphongchai នាយប៉ុស្តិ៍នគរបាលស្រុកប្លួកឌែង ក៏បានបញ្ជាឱ្យប៉ូលិសបង្កើនការស៊ើបអង្កេតករណីនេះ ។
ប៉ូលិសក៏បានចុះស៊ើបអង្កេតនៅទីកន្លែងកើតហេតុ និងរកឃើញភស្តុតាងសំខាន់ពីកាមេរ៉ាសុវត្ថិភាពចាប់រូបភាពជនបង្កហេតុឈ្មោះ អៃ ដែលបានជិះម៉ូតូនៅក្បែរនោះ បន្ទាប់មក ក៏យកប្រេងសាំងមកស្រោចលើរថយន្ត រួចដុតតែម្តង ។ ពេលធ្វើសកម្មភាពរួចហើយ បុរសរូបនេះក៏បានជិះម៉ូតូគេចខ្លួន ។
រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ូលិសបានប្រមូលភស្តុតាង និងធ្វើការចាប់ខ្លួនបុរសឈ្មោះ អៃ នៅផ្ទះស្ថិតក្នុងស្រុកប្លួកឌែង ដើម្បីឱ្យបុរសឈ្មោះ អៃ បង្ហាញកន្លែងទិញប្រេងសាំង បន្ទាប់មក បង្ហាញកន្លែងដុតរថយន្ត ។ ប៉ូលិសឱ្យដឹងថា ជនបង្កហេតុធ្លាប់បានជាប់ពន្ធនាគារជាច្រើនលើក និងសេពគ្រឿងញៀនទៀតផង ។ ក្រោយមក ប៉ូលិសក៏បានឃុំខ្លួន និងបញ្ជូនជនល្មើសទៅភ្នាក់ងារស៊ើបអង្កេតដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
វីដេអូក្នុងកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងសំខាន់ដែលប៉ូលិសទទួលបាន ដោយវីដេអូទី១ បង្ហាញពីពេលមុនបង្កហេតុ បុរសឈ្មោះ អៃ បានជិះម៉ូតូទៅមកនៅក្បែរនោះ ។ បន្ទាប់មក រូបគេក៏បានជិះម៉ូតូទៅទិញប្រេងសាំងយកមកដុតរថយន្តអស់ចំនួន២គ្រឿង ហើយជិះម៉ូតូគេចខ្លួន ។ រីឯវីដេអូ១ទៀតបង្ហាញថា មានផ្សែងកំពុងហុយចេញពីកន្លែងដុតរថយន្ត ។ ប៉ូលិសប្រចាំស្រុកប្លួកឌែង បានចំណាយពេលស៊ើបអង្កេតអស់រយៈពេល៩ថ្ងៃ ទើបអាចចាប់ខ្លួនបុរសឈ្មោះ អៃ បាន ។
ហេតុការណ៍នេះចាត់ទុកថា ជាសំណាងអាក្រក់របស់ម្ចាស់រថយន្តដែលបានចតរថយន្តយ៉ាងល្អ ប៉ុន្តែត្រូវបានគេដុតចោល ដោយជនបង្កហេតុគ្រាន់តែអះអាងថា តានតឹងផ្លូវចិត្ត ។ ចំណែកពលរដ្ឋបានសរសើរពីការបំពេញការងាររបស់ប៉ូលិសប្រចាំស្រុកប្លួកឌែង ដែលអាចចាប់ខ្លួនជនល្មើសបាន ៕
ប្រភព ៖ 3Plus News










