តាមប្រភពពីបណ្តាញផ្សព្វផ្សាយ Naver បានឱ្យដឹងថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែលខណៈការបង្ហាញផ្លូវការខាងមុខនេះមានសមាជិក ៦ នាក់នៅ រីឯ AhYeon នឹងផ្តោតសំខាន់ទៅលើបញ្ហាសុខភាព។
កាលពីទី១៥ ខែវិច្ឆិកា នេះអ្នកគាំទ្រវិស័យK-Popបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបានរាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។ ព័ត៌មាននេះ ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍ពីមូលហេតុដែលការបង្ហាញខ្លួនក្រុមដំបូងរបស់ក្រុម Baby Monster អវត្តមាន Ahyeon ដោយសារតែមានបញ្ហាសុខភាព។
ទោះយ៉ាងណាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះប្រព័ន្ធផ្សព្វផ្សាយរបស់ Naver បានចុះផ្សាយថា YG នៅតែបញ្ជាក់ថា AhYeon នៅតែជាសមាជិករបស់ BABYMONSTER ដដែល គ្រាន់តែមិនបង្ហាញខ្លួនជាមួយក្រុមទាំងមូលដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៧ វិច្ឆិកា ប៉ុណ្ណោះដោយពេលនេះ AhYeon ផ្តោតលើបញ្ហាសុខភាពសំខាន់ជាង។
កន្លងមកនេះ Ahyeon រងមតិរិះគន់បន្ទាប់ពីធ្លាយវីដេអូនាងច្រៀងរ៉េបនៅសាលាទាក់ទងការប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ។ ទោះជាយ៉ាងណាសមាជិករូបនេះត្រូវបានគេសម្លឹងឃើញថាមានចំណុចលេចធ្លោមិនធម្មតាជាពិសេសល្បីក្នុងចំណោមអ្នកគាំទ្រថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINKដែលជារៀមច្បងក្នុងទ្រនំតែមួយ។
Baby Monster គឺជាក្រុមចម្រៀងស្រីដំបូងរបស់ YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី ក្រុម BLACKPINK ដែលមានសមាជិកចម្រុះជាតិសាសន៍ដូចជា Ahyeon, Haram, និង Rora ជាជនជាតិកូរ៉េ, Pharita និង Chiquita ជនជាតិថៃ និង Ruka និង Asa ជាជនជាតិជប៉ុន៕










