បរទេស៖ Truth Social ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ទំនើបមួយដែលបង្កើតឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានខាតបង់ប្រាក់ចំនួន ៧៣ លានដុល្លារ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២២ មកម្លេះ។
យោងតាមគេហទំព័រ CNBC News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា Truth Social ដែលបង្កើតឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យារបស់អាមេរិក Trump Media & Technology Group បានខាតបង់ប្រាក់ចំនួន ៧៣ លានដុល្លារ គិតចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។
នៅខែកុម្ភៈ ឆ្នាំ២០២២ បណ្តាញសង្គម Truth Social បានខាតបង់ ៧៣ លានដុល្លារឯណោះ ដោយសារមិនសូវមានអ្នកប្រើប្រាស់បណ្តាញសង្គមនេះ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ត្រឹមដំណាច់ឆ្នាំ ២០២២ ក្រុមហ៊ុន TMTG របស់ Donald Trump ក៏បានខាតបង់លើសពី ៥០ លានដុល្លារផងដែរ ហើយនៅពាក់កណ្តាលដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុនមួយនេះ ក៏បានបាត់បង់ ២៣ លានដុល្លារបន្ថែមទៀត ដោយ TMTG បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងប្រឈមជាមួយការបិទ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក មានបំណងចង់បញ្ចូលក្រុមហ៊ុនរបស់លោកត្រាំជាមួយក្រុមហ៊ុនខ្លួន ដើម្បីអាចរ៉ាប់រងចំពោះបំណុល និងបន្តប្រតិបត្តិការ។ ទន្ទឹមនេះ ក្រុមហ៊ុន Digital World Acquisition Corporation ក៏បានដាក់សំណើទៅគណៈកម្មការមូលបត្រអាមេរិក (SEC) ដើម្បីច្របាច់បញ្ចូលក្រុមហ៊ុនរបស់លោកត្រាំ ជាមួយខ្លួនផងដែរ។
គួរបញ្ជាក់ដែលថា បច្ចុប្បន្នអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយចំនួនដូចជា គម្រោងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០, ការបង់ប្រាក់ឱ្យតារាអាសអាភាស និងការប្រើប្រាស់ឯកសារសម្ងាត់របស់រដ្ឋាភិបាលមិនត្រឹមត្រូវជាដើម ខណៈពេលដែលលោកកំពុងដឹកនាំការបោះឆ្នោតក្នុងចំណោមបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤៕










