គ្រាប់ឈូក ត្រូវបានចាត់ទុកថាជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹម និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង។ គ្រាប់ឈូកទាំងនេះ ក៏ជាអាហារផ្តល់គុណប្រយោជន៍ធំធេងដល់សុខភាពជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ និងទារក។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ក្រៅពីមានជាតិខ្លាញ់ សូដ្យូម និងកូឡេស្តេរ៉ូលទាប គ្រាប់ឈូកក៏ផ្ទុកទៅដោយជាតិទឹក កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន B កំផ្លេច សារធាតុរ៉ែ អាស៊ីដអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។ ដូច្នេះហើយ តើគ្រាប់ឈូកមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរាងកាយរបស់យើង?
១.ជួយឱ្យគេងលក់ស្រួល៖ តាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុអាល់កាឡូអ៊ីតដែលមាននៅក្នុងគ្រាប់ផ្កាឈូក អាចជួយឱ្យដំណេកបានប្រសើរឡើង ក៏ដូចជាជួយឱ្យខួរក្បាលស្ងប់ សម្រួលដល់ការគេង កាត់បន្ថយភាពតានតឹង និងបំបាត់អាការឈឺក្បាល ឬឈឺក្បាលប្រកាំង។
២.ល្អសម្រាប់សរសៃឈាមបេះដូង៖ សូដ្យូមទាប និងម៉ាញេស្យូមខ្ពស់នៅក្នុងគ្រាប់ផ្កាឈូក ជួយឱ្យបេះដូងមានសុខភាពល្អ ការពារជំងឺទឹកនោមផ្អែម ការពារការធាត់ និងរក្សាតុល្យភាពសម្ពាធឈាម។
៣.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ជួយដល់ការលូតលាស់គភ៌៖ គ្រាប់ផ្កាឈូក គឺជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម និងហ្វូឡាត សម្រាប់ម្តាយមានផ្ទៃពោះ និងទារក។ លើសពីនេះ គ្រាប់ឈូកក៏ជួយសម្រាលទារកក្នុងផ្ទៃ ការពារការរំលូតកូន ការពារមេរាគ និងពង្រឹងភាពស៊ាំរបស់ម្តាយ។
៤.ពង្រឹងសុខភាផ្លូវភេទ៖ គ្រាប់ឈូកមានផ្ទុកនូវសារធាតុសកម្មជីវសាស្រ្តរបស់រុក្ខជាតិដែលបង្កើនចំណង់ផ្លូវភេទយ៉ាងខ្លាំងទាំងបុរស និងស្ត្រី។ ពួកវាជំរុញលំហូរឈាមទៅកាន់សរីរាង្គបន្តពូជ ផ្គត់ផ្គង់ជាលិកាទាំងនេះជាមួយនឹងសារធាតុចិញ្ចឹម និងថាមពលសំខាន់ៗ និងលើកកម្ពស់សុខភាពផ្លូវភេទ ក៏ដូចជាការមានកូន។
៥.ស្រកទម្ងន់៖ គ្រាប់ឈូកមានកាឡូរីទាប ប៉ុន្តែសម្បូរទៅប្រូតេអ៊ីន និងជាតិសរសៃ។ ដូច្នេះការបន្ថែមគ្រាប់ឈូកទៅក្នុងរបបអាហាររបស់អ្នក គឺជាវិធីមួយដើម្បីគាំទ្រដល់ការសម្រកទម្ងន់ សម្រកជាតិខ្លាញ់ និងប្រឆាំងនឹងការធាត់។
៦.ប្រឆាំងនឹងភាពចាស់៖ តាមការស្រាវជ្រាវបានបង្ហាញថា គ្រាប់ផ្កាឈូកក៏មានតួនាទីការពារ និងថែរក្សាស្បែកផងដែរ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយជាភ្នាក់ងារប្រឆាំងនឹងភាពជ្រីវជ្រួញ ក៏ដូចជាធ្វើឱ្យស្បែកសទៀតផង។
៧.ប្រឆាំងនឹងការរលាក៖ យោងតាមការសិក្សាបានបង្ហាញថា គ្រាប់ផ្កាឈូកមានផ្ទុក kaempferol ដែលជាសារជាតិ flavonoid ធម្មជាតិអាចការពារការរលាក និងជួយជួសជុលជាលិកាចាស់ ការពារជំងឺរលាកស្បែក ក៏ដូចជាការពារជំងឺរលាកសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់ក្បាលជង្គង់ ជំងឺស្បែករបកក្រហម និងរលាកពោះវៀនជាដើម៕