បរទេស៖ ភពអង្គារបានផ្លាស់ទីនៅពីក្រោយព្រះអាទិត្យ ដែលធ្វើឱ្យ NASA ពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សយន្តរុករកអស់រយៈពេលជាច្រើនសប្តាហ៍។
យោងតាមគេហទំព័រ IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា យានអវកាស Rovers និងកប៉ាល់ជុំវិញភពអង្គារបានបាត់សញ្ញាអស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារតែផែនដីមិនអាចទាក់ទងជាមួយភពក្រហមបាន មានន័យថាភពអង្គារបានផ្លាស់ទីនៅពីក្រោយព្រះអាទិត្យ ដែលនាំឱ្យមានការរំខានដល់ការបញ្ជូនសញ្ញារវាងយានជំនិះ និង NASA នៅលើផែនដី។ ដូច្នេះ NASA បានបញ្ឈប់ការទាក់ទងជាមួយយានអវកាសរបស់ខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ទើប NASA បន្តអាប់ដេតស្ថានភាពខ្លីៗពីយាន Rover ឡើងវិញក្នុងអំឡុងពេលស្ថិតនៅលើភពអង្គារ។
នៅពេលដែលភពអង្គារនៅជិតព្រះអាទិត្យពេក សញ្ញាវិទ្យុដែលបញ្ជូនរវាងភពទាំងពីរអាចធ្វើដំណើរឆ្លងកាត់ Corona ដែលជាស្រទាប់ឧស្ម័នអ៊ីយ៉ូដក្តៅខ្លាំងនៅផ្នែកខាងក្រៅនៃព្រះអាទិត្យ។ នេះអាចរំខានដល់សញ្ញាដែលធ្វើដំណើរពីផែនដី និងពីភពអង្គារ ដែលនាំឱ្យបាត់បង់ទិន្នន័យ និងអាកប្បកិរិយាចម្លែកដែលអាចគំរាមកំហែងដល់យានរ៉ូវ័រ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សយន្តរុករក និងយានអវកាសដែលធ្វើដំណើរជុំវិញគន្លងនឹងមិនបញ្ឈប់ប្រតិបត្តិការទេ ដោយពួកវានៅតែបន្តប្រមូលទិន្នន័យសម្រាប់ការបញ្ជូននៅពេលក្រោយ។ ដូច្នោះហើយ ក្រុមត្រួតពិនិត្យបេសកកម្មរបស់ NASA បានចំណាយពេលជាច្រើនខែក្នុងការរៀបចំបញ្ជីការងារដែលត្រូវធ្វើសម្រាប់យានជំនិះទាំងអស់។
គួរបញ្ចាក់ដែរថា មនុស្សយន្ត Perseverance and Curiosity របស់ NASA នឹងនៅលើភពអង្គារដដែល ដោយបន្តតាមដានការផ្លាស់ប្តូរស្ថានភាពផ្ទៃភពអង្គារ អាកាសធាតុ និងវិទ្យុសកម្ម ខណៈដែលឧទ្ធម្ភាគចក្រ Ingenuity នឹងប្រើប្រាស់កាមេរ៉ាពណ៌ដើម្បីសិក្សាចលនាខ្សាច់។ នៅក្នុងគន្លងតារាវិថី យានអវកាស Mars Reconnaissance និង Odyssey នឹងថតរូបផ្ទៃភពអង្គារ ខណៈដែលយានអវកាស MAVEN នឹងប្រមូលទិន្នន័យស្តីពីអន្តរកម្មរវាងបរិយាកាសនៃភពក្រហម និងព្រះអាទិត្យ៕










