នាពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានលើកស្ទួយវិស័យគុនខ្មែរដោយបានស្លៀកខោគុនខ្មែររត់ក្នុងកម្មវិធីធំមួយដើម្បីចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហាញសកម្មភាពបែបនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញរិះគន់ដល់អ្នកទាំងពីរថាតោងគុនខ្មែរដើម្បីល្បីរហូត ទេព បូព្រឹក្ស តបទៅវិញជាមួយសម្តីដ៏ត្រជាក់។
នៅលើគណនីហ្វេកប៊ុក ទេព បូព្រឹក្ស បានលើកឡើងដូច្នេះថា «Okay ចឹងក៏ចឹងចុះពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ពិតជាមិនអាចទាញចិត្តឱ្យអ្នកស្អប់មកស្រលាញ់យើងបាននោះទេ។ ក្នុងការគិតអ្នកគឺមានតែភាព អវិជ្ជមាន ចុះបើគិតថានេះមិនខុសឆ្គងអីផងល្អដែរតាស ឱ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ»។
ម្ចាស់បទ «វីរៈនារី» បន្តទៀតថា «ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លីគិតអត់ដល់ ចាំតែទើសចាំតែគិតចេះគិតចុះទាំងដែលខ្លួនឯងមិនបានធ្វើ តែសំរាប់ខ្ញុំនិងដេវីតគឺតែតែងធ្វើអ្វីសំរាប់ជនរួមជាតិទាំងអស់គ្នា ចឹងដើម្បីជាតិរបស់យើងវប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយនិយាយ ចឹងជួយshareជួយអីទៅ ឱ្យពិភពលោកគេស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម អរគុណ»។
ដ្បិតថាអ្នកមួយចំនួនបានបញ្ចេញមតិថា ទេព បូព្រឹក្ស និង ជី ដេវីត តោងគុនខ្មែរល្បីក៏ពិតមែន ប៉ុន្តែបុគ្គលជួរមុខក្នុងវិស័យគុនខ្មែរ និងបណ្តាអ្នកគាំទ្រជាច្រើនទៀតសុទ្ធតែបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ពួកគេដែលផ្សារភ្ជាប់គុនខ្មែរនិងវិស័យរ៉េបឱ្យកាន់តែទទួលបានសំឡេងគាំទ្រកាន់តែច្រើនថែមទៀត។
អ្វីដែលកាន់តែពិសេសតារាចម្រៀង ជី ដេវីត ក៏បានស្លៀកខោគុនខ្មែរ ថត Vlog និង TikTok ជាមួយ DJ SODA ដែលជា DJ ដ៏ល្បីល្បាញដូច្នេះរូបភាពនេះនឹងត្រូវបានផ្សាយចេញទៅកាន់អន្តរជាតិជាមួយអ្នកតាមដានរាប់លានផងដែរ៕










